គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង អញ្ជើញសំណេះ​សំណាលនិងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៥០នាក់

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​ខេត្ត និងប្រធានក្រុមការ
ងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តបាត់ដំបង ព្រមទាំង​សហការីបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ​និងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥០នាក់ក្នុងពិធីដែលប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ជំនួបដែលរៀបចំឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក៏ដើម្បីចូលរួមអបអរ​ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៤ ក្រោម​ប្រធានបទ “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”។ថ្លែងទៅកាន់អ្នកចូលរួម​ឯកឧត្តម សុខ លូ បាននាំប្រសាសន៍របស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃ​ផែនការសកម្មភាព​រួមអគ្គលេខាធិការ​អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដែលបានផ្តាំផ្ញើសាកសួរសុខទុក្ខដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់នៅទីនោះ បើទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់ តែសម្តេចតែង​តែមានក្តីនឹករលឹក និងអាណិត ស្រឡាញ់ដ៏​ជ្រាលជ្រៅចំពោះបងប្អូន​ប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ពណ៌សម្បុរ ឬនិន្នាការ​នយោ​បាយ​អ្វីឡើយ។ពោលគឺទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការប្រារព្ធនូវទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងពេលនេះ គឺ​សបញ្ជាក់ពីការយកចិត្តទុកដាក់​របស់កាកបាទក្រហមកម្ពុជាជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ភាពមិនរើសអើង ជាមួយអ្នករស់នៅជាមួយ​មេរោគ​អេដស៍​និងការលើក​កម្ពស់សិទ្ធិរស់ នៅដោយស្មើមុខ ស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅ​ក្នុងសង្គមជាតិ និងជាការបង្ហាញអំពីវឌ្ឍនភាព​ការងាររបស់​រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្រេចបាន​មួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា។

ទន្ទឹមនឹងនេះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយកាកបាទ​ក្រហមកម្ពុជា អាជ្ញាធរ​ជាតិស្ថាប័នរដ្ឋឯកជនសប្បុរសជនព្រមទាំងដៃគូពីគ្រប់មជ្ឈដ្ឋានដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥។

សូមជម្រាបថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងផ្ទុក​មេរោគអេដស៍ ទាំង១៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន​អំណោយ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធ១កេស, ភួយ១, សារុង១,  ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ចំនួន ៤ម៉ឺនរៀល៕


អត្ថបទ-រួបភាព ៖ អ៊ុក សំអាន បប.

ads banner