ខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្ដាល“ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ” មកពីខេត្តចំនួនបួន
បាត់ដំបង៖ខេត្តបាត់ដំបងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខដល់សិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធមកពីខេត្តចំនួនបួន ខេត្តប៉ៃលិន ពោធិសាត់ បន្ទាយមានជ័យនិងខេត្តបាត់ដំបងជាម្ចាស់ផ្ទះ សរុបជិត១០០នាក់ ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងនិងប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តបាត់ដំបងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៨ -២៩ ខែវិច្ឆិកា ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន( អ.ជ.ប.គ.ញ)និងលោក ធូ ភាអភិបាលរងខេត្តបាត់ដំបង។
ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី៖ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ ត្រូវបានឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ
បញ្ជាក់ថា ក្នុងគោលដើម្បីពង្រឹងនូវសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ ដោយសំដៅលើកម្ពស់និងផ្តល់នូវជំនាញគន្លឹះ៣ចំណុច សំខាន់ៗ គឺទី១.លើកកម្ពស់ចំណេះដឹងនិងបង្កើនសមត្ថភាព ជូនដល់មន្រ្តីអនុវត្តច្បាប់ជួរមុខ ដើម្បីចូលរួមសកម្មភាពក្នុងការ បង្ការទប់ស្កាត់និងបង្ក្រាបការចរាចរគ្រឿងញៀនខុសច្បាប់ ពិសេសពង្រឹងការត្រួតពិនិត្យនៅច្រកទ្វារព្រំដែន ដែលជាចំណុចចេញ-ចូលនិងឆ្លងកាត់។ទី២. បង្កើនកិច្ចសហការគ្នាឱ្យបានជិតស្និទ្ធថែមទៀតជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងទី៣. ការពង្រឹងយន្តការ និងប្រសិទ្ធភាពការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែន ហៅកាត់ថាការិយាល័យ BLO ពិសេសលើការផ្លាស់ប្តូរព័ត៌មានជាប្រចាំនិងទាន់ពេលវេលា ស្តីពីមុខសញ្ញាឧក្រិដ្ឋជននិងសកម្មភាពរបស់គេ សំដៅបង្កើនការយកប្រៀបឈ្នះក្នុងការបង្ការនិងទប់ស្កាត់រាលបទល្មើសកើតឡើង។
ក្នុងនាមជាម្ចាស់ផ្ទះលោក ធូ ភា អភិបាលរងខេត្តបាត់ដំបងបានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ,ត្រូវខិត
ខំត្រងត្រាប់ស្ដាប់ការចែករំលែក នូវបទពិសោធន៍ និងកត់ត្រាដោយយកចិត្តទុកដាក់លើមេរៀននីមួយៗ និងសួរសំណួរ ដើម្បីបំពេញបន្ថែមនិងជាធាតុចូលបំពេញនូវកង្វះខាត និងត្រៀមលក្ខណៈចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យទាន់សភាពការណ៍វិវឌ្ឍន៍នៃនិន្នាការគ្រឿងញៀននាពេលបច្ចុប្បន្ន ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.