សិក្ខាកាម ជាគ្រូបង្វឹកកីឡាប្រដាល់សកល៣៦រូប បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិកីឡាប្រដាល់សកលឆ្នាំ២០២៤
(ភ្នំពេញ)៖ គ្រូបង្វឹកកីឡាប្រដាល់សកល មកពីក្លឹបកីឡាប្រដាល់សកល រាជធានីខេត្ត ចំនួន៣៦នាក់ បានបញ្ចប់ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិកីឡាប្រដាល់សកលឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលនិទ្ទេសល្អច្រើន ដែលបានបញ្ជាក់ពីការយល់ដឹងខ្ពស់។
នេះបើយោងតាមការវាយតម្លៃពីសំណាក់គ្រូឧទ្ទេស អន្តរជាតិ លោក Russell stutely ថ្លែងបញ្ជាក់ ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិកីឡាប្រដាល់សកលឆ្នាំ២០២៤ នាល្ងាចថ្ងៃ ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក Russell stutely បានគូសបញ្ជាក់ឱ្យដឹងទៀតថា ឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃកន្លងមកនេះ សិក្ខាកាមដែលជាគ្រូបង្វឹកមកពីបណ្តាក្លឹបប្រដាល់សលរាជធានី ខេត្ត ទាំងអស់ បានខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងយ៉ាងខ្លាំង ដើម្បីនាំយកចំណេះជំនាញយកទៅអភិវឌ្ឍន៍ធនធានតាមបណ្តាក្លឹប។
គ្រូឧទ្ទេសអន្តរជាតិរូបនេះ បានអះអាងទៀតថា វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ ការបង្ហាត់មានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ អំពីរបៀបបង្ហាត់កីឡាករកីឡាការិនីអាជីពប្រដាល់សកល ។ លោកថា គ្រូបង្វឹកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលនេះ ប្រសិនយកចំណេះជំនាញដែលបានសិក្សារៀនសូត្រទៅអនុវត្តក្នុងការបង្ហាត់សិស្សនៅតាមបណ្តាក្លឹបដោយយកចិត្តទុកដាក់នោះ ធនធានកីឡាករកីឡាការិនីប្រដាល់សកលអាជីពនៅកម្ពុជានឹងមានសក្កានុពល។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិកីឡាប្រដាល់សកលឆ្នាំ២០២៤ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡា រយៈពេល៤ថ្ងៃ មានសិក្ខាកាមដែលជាគ្រូបង្វឹកក្លឹបកីឡាប្រដាល់សកលរាជធានីខេត្តចូលរួមចំនួន៣៦នាក់ ក្នុងនោះ គ្រូបង្វឹក២៦រូបទទួលបាននិទ្ទេសល្អ និង១០រូបទទួលបាននិទ្ទេសមធ្យម ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ