សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ គឺជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ
(បន្ទាយមានជ័យ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ នៅខេត្តបន្ទាយមានជ័យ គឺជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្ដេចបវរធិបតី បានយកឱកាសនេះថ្លែងថា នាពេលកន្លងទៅ អ្នកនយោបាយជ្រុលនិយម បានបោកប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះ -ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ឱ្យចូលរួមសកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងដុតសង្គមកម្ពុជា ។
សម្ដេច បានបញ្ជាក់ថា ជាពិសេសថ្មីៗនេះ អ្នកនយោបាយជ្រុលនិយម ក៏បានបោកបញ្ឆោតឱ្យយុវជននៅកម្ពុជា រស់នៅក្រៅប្រទេស ដូចជា៖ ជប៉ុន កូរ៉េ ធ្វើបាតុកម្ម ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ អ្នកនយោបាយមួយចំនួនហៅ (ហៅពលរដ្ឋភូមិបឹង ជង្រុកតេជោឈ្នះ- ឈ្នះ ទៅស្ទឹងមានជ័យ ហើយសន្យានេះ សន្យានោះ ។ ប៉ុន្ដែខែមុនគេ ប្រើក្មេងៗនៅជប៉ុន ដុតប្រទេស ។
នាឱកាសនោះ សម្ដេចបវរធិបតី បានលើកឡើងថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ របស់ខេត្តបន្ទាយមានជ័យ គឺជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ ចំនួន២ រួមមាន៖ ១-កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២-គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី ។
យ៉ាងណាក្តី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល ធ្វើយ៉ាងណាធានា សុខសន្តិភាពជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាប្រទេស ដើម្បីជីវភាពប្រជាពលរដ្ឋទាំងអស់គ្នា ។
សម្តេចបវរធិបតី បានបន្ថែមថា យើងនឹងបន្តរីកចំរើនទៀត ដរាបណាអវត្តមានសង្រ្គាម ។ សម្តេច ថា ពេលសន្តិភាព ធ្វើឱ្យអ្នកខ្លះ មើលមិនឃើញតម្លៃប៉ុន្មានទេ តែពេលបាត់សន្តិភាព ទើបសោកស្តាយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ