សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា
(បន្ទាយមានជ័យ)៖ ក្រោយយកព្រឹត្ដិការណ៍ CLV ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានបរាជ័យទាំងស្រុង ហើយពលរដ្ឋបានងាកមកគាំទ្រ និងជឿទុកចិត្ដលើការដឹកនាំរបស់រាជរដ្ឋាភិបាលវិញនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្តេចបវរធិបតី បានមានប្រសាសន៍ថា ក្រុមប្រឆាំង នៅតែមានគំនិតអវិជ្ជមាន និងមានផែនការប្រើប្រាស់ឱ្យយុវជននៅក្រៅប្រទេស បំផុស និងបោកពលរដ្ឋឱ្យចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេស ដូចថ្ងៃទី១៨ សីហា ក្នុងព្រឹត្ដិការណ៍ CLV ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ។ ប៉ុន្ដែរាជរដ្ឋាភិបាល បានទប់ស្កាត់ផែនការនេះ បានទាន់ពេលវេលា និងរក្សាបានសន្ដិភាព និងស្ថិរភាពនៅក្នុងប្រទេសបាន ដើម្បីស្វែងរកសន្ដិភាពទាំងផ្លូវកាយ និងផ្លូវចិត្ដ ។
ក្រោយមកផែនការនេះ ត្រូវបានបរាជ័យទាំងស្រុង និងពលរដ្ឋបានងាកមកគាំទ្រ និងជឿទុកចិត្ដលើការដឹកនាំរបស់រាជរដ្ឋាភិបាលវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំឱ្យងាយជឿ តាមការឃោសនាបំផុសរបស់ក្រុមប្រឆាំងលើរឿងទឹកដី ព្រោះរាជរដ្ឋាភិបាល តែងតែព្រួយបារម្ភគ្រប់ពេលវេលា រឿងទឹកដីនេះ ។
សម្ដេច បញ្ជាក់ថា ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផល ដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយម ដែលបំផុសបំផុសឱ្យដុតប្រទេស ហើយអួតខ្លួនថា ស្នេហាជាតិនោះទេ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា៖ មូលនិធិកសាងព្រំដែន ដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត ៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ