ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា”

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការ ស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា” ដោយមានការចូលរួមពីតំណាងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ,សមាជិកនៃគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ
,ព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទាំងអស់នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណង ៣ គឺ ទី(១). លើកកម្ពស់ការយល់ដឹងក្នុងចំណោមអាជ្ញាធរ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតអំពីអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខម និងវិធានការនានាដែលកម្ពុជាបានធ្វើ និងគ្រោងធ្វើដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងអនុសញ្ញា ទី(២). ផ្តល់វេទិកាជូនស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវ ចែករំលែកពីផែនការការអនុវត្តអនុសាសន៍ដែលមានក្នុងសេចក្តីអង្កេតសន្និដ្ឋាន និងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ និង ទី(៣). ប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាពីសេចក្តីអង្កេតសន្និដ្ឋាន និងការតាមដាន រួមទាំងយុទ្ធសាស្រ្តនានាក្នុងការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធដទៃទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់បន្ថែមថា គ្រប់វិស័យសុទ្ធតែមានការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយបច្ចុប្បន្ន តាមរយៈការមើលឃើញជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវ អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលបានអនុវត្តភ្លាមក្នុង ឆ្នាំ២០២៣ រួមមាន៖ (១).ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល, (២).ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទូទាំងប្រទេស, (៣).ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, (៤).ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, (៥).ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង (៦). ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមជនបទ ។

សូមបញ្ជាក់ថា ៖ សិក្ខាសាលាផ្សព្វផ្សាយសេចក្តីអង្កេតសន្និដ្ឋាន នឹងនាំមកនូវកាលានុវត្តភាពសម្រាប់ការចែករំលែកនូវធាតុចូលផ្សេងៗ ដើម្បីអនុវត្តនូវអនុសាសន៍របស់គណៈកម្មាធិការ CED និងជួយធ្វើឱ្យរបាយការណ៍ជាតិបន្ទាប់ទៀតកាន់តែមានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយ ពោល គឺជារបាយការណ៍មួយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ៕

ដោយ ៖ គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner