សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ គឺជាថ្ងៃគម្រប់ខួបលើកទី ២៦ឆ្នាំ នៃទិវាសន្តិភាព

(បន្ទាយមានជ័យ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមាន ប្រសាសន៍ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួបលើកទី២៦ឆ្នាំ នៃទិវាសន្តិភាព ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកាលពីឆ្នាំទៅ ហើយឆ្នាំនេះ គឺជាឆ្នាំទី១ ដែលយើងចាប់ផ្តើមអបអរសាទរ ដោយបង្កើតជាថ្ងៃឈប់សម្រាក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីយើងបាន អនុវត្តន៍ដោយជោគជ័យ នូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ អស់រយៈពេល ៥០០ឆ្នាំ ។

សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានលើកឡើងថា នេះគឺមានលក្ខណៈ ពិសេសពីរយ៉ាង ដែលពុំធ្លាប់មានពីមុនមកគឺ ទី១) បញ្ចប់សង្គ្រាម ហើយបង្រួបបង្រួមទឹកដី ដោយកម្ពុជា លែងមានតំបន់អប្បគមន៍ តំបន់ដាច់ដូចកាលពីមុនទៀតទេ ដោយកាលពី៥០០ឆ្នាំ មុន យើងពុំមានការបង្រួបបង្រួមទឹកដីឡើយ សូម្បីតែ នៅមុនរដ្ឋប្រហារក៏នៅមានតំបន់ដាច់ផងដែរ។ ទី២) រយៈពេល ២៦ឆ្នាំ យើងគិតថា ដូចជាមិនយូរទេ ប៉ុន្តែវាជាពេលវេលាមួយដែលសន្តិភាពអាចគង់វង្សបានយូរជាងគេ ផ្ទុយពីពេលមុន ដែលចាស់ៗថា បានត្រឹមតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើប្រៀបធៀបទៅនឹងការបែកបាក់រយៈពេល ៥០០ឆ្នាំ នាអតីតកាល មានតែពេលនេះទេ ដែលខ្មែរបានស្គាល់ ការបង្រួបង្រួមទឹកដីអស់រយៈពេល ២៦ឆ្នាំមកហើយ ដែលជាពេលវេលាវែងជាងពេលណាៗទាំងអស់ ដោយសម្តេច បានគូសបញ្ជាក់ថា ថ្ងៃនេះ សម្តេចបាន មកឈរនិយាយ នៅក្នុងតំបន់ដែលធ្លាប់ជាសមរភូមិ នៃសង្គ្រាម និងជាតំបន់ដែលពោរពេញដោយគ្រាប់មីន ដែលនៅមុននយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ នៅទីនេះ នៅតែជាតំបន់វាយប្រយុទ្ធគ្នានៅឡើយ តែសម្រាប់ការសម្ពោធសមិទ្ធផលនានានៅទីនេះ នាថ្ងៃនេះ គឺវាបានភ្ជាប់ជាមួយនឹងទិដ្ឋភាពជាក់ស្តែងនៃ ចក្ខុវិស័យនៃការដឹកនាំរបស់សម្តេចតេជោ ដែលយើងមានក្រុមការងារដែលច្បាស់លាស់ ការចូលរួមរបស់ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការរកវិធីដោះស្រាយបញ្ហាដោយសន្តិវិធី និងដោយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ហើយសំខាន់ គឺការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner