រាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាប្រជាពលរដ្ឋមិនមានដីធ្លីពិតប្រាកដ ដោយបានរៀបចំជាដីសម្បទានសង្គមកិច្ច ចែកជូនពលរដ្ឋនៅដើមឆ្នាំក្រោយ

(បន្ទាយមានជ័យ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាប្រជាពលរដ្ឋមិនមានដីធ្លីពិតប្រាកដ ដោយបានរៀបចំជាដីសម្បទានសង្គមកិច្ច បែងចែកដីជូនប្រជាពលរដ្ឋរួចរាល់ហើយ ដោយគ្រោងផ្តល់ជូនដល់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ នាដើមឆ្នាំក្រោយតែម្តង ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចតាមនីតិវិធីច្បាប់ ដោយនឹងចែកដីជូនពលរដ្ឋណា ដែលអត់ដីពិតប្រាកដ ខណៈការដាក់ចេញនូវគោលនយោបាយនេះ គឺដើម្បីលើកស្ទួយជីវភាពរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកដល់ប្រជាពលរដ្ឋ កុំស្តាប់តាមការញុះញង់របស់ជនមួយចំនួនតូច ដែលបំផុសបំផុលឱ្យបងប្អូនទៅកាប់ទន្ទ្រានព្រៃ ឬឈួសឆាយដីរដ្ឋខុសច្បាប់ឱ្យសោះ ។ សម្តេច ក៏បានផ្តាំទៅក្រុមអគតិមួយចំនួន ត្រូវបញ្ឈប់ជាបន្ទាន់ផងដែរ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋតាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងដោះស្រាយបញ្ហាប្រជាពលរដ្ឋមិនមានដីធ្លីពិតប្រាកដ ដោយបានរៀបចំជាដីសម្បទានសង្គមកិច្ច បែងចែកដីជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលមិនមានគោលនយោបាយធ្វើបាបប្រជាពលរដ្ឋនោះឡើយ។ ជាក់ស្តែង នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ គឺជាសក្ខីភាពជាក់ស្តែង ដោយរាជរដ្ឋាភិបាល បានខិតខំដោះស្រាយបញ្ចប់ជម្លោះរវាងប្រជាជនចាស់ និងប្រជាជនចំណូលថ្មី។ ចំណុចនេះ គឺជាការយកចិត្តទុកយ៉ាងខ្លាំង ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយមិនមានការរើសអើងនោះទេ ។

សម្តេចបវរធិបតី បានបញ្ជាក់ថា សមិទ្ធផលដែលបានកើតឡើងនៅក្នុងតំបន់អភិវឌ្ឍន៍តេជោឈ្នះឈ្នះ នាពេលនេះ គឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូន បន្តស្តាប់ការញុះញង់ និងអុចអាលរបស់ក្រុមប្រឆាំង នោះ ប្រហែលជាមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner