សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិនានា ដែលភាគច្រើន ផ្តោតលើសន្តិភាព និងការបង្រួបបង្រួមជាតិ

(បន្ទាយមានជ័យ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំអន្តរជាតិនានា ដែលភាគច្រើន ផ្តោតទៅលើប្រធានបទ សន្តិភាព ការបង្រួបបង្រួមជាតិ និងការអត់ឱន ហើយនៅក្នុងចំណោមកិច្ចប្រជុំទាំងនោះ ក៏មានកិច្ចប្រជុំស្តីពីបញ្ហាមីន នៅខេត្តសៀមរាប ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារសន្តិភាពនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ ។ ក្នុងន័យនេះ សម្តេច បញ្ជាក់ថា ប្រធានបទសន្តិភាព នៅតែមានតម្លៃជាសាកល មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែថែមទាំងមានតម្លៃសម្រាប់សន្តិភាពតំបន់និងពិភពលោកផងដែរ ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្ដេចបវរធិបតី បានមានប្រសាសន៍ថា កាលពីសប្ដាហ៍មុន មានកិច្ចប្រជុំអន្តរជាតិនៅភ្នំពេញ តំណាងសភាពីបណ្ដាប្រទេសជាច្រើន មកពីទ្វីបអាហ្រ្វីកផង មកពីទ្វីបអាមេរិកឡាទីនផង មកពីអឺរ៉ុបផង មកពីអាស៊ីផង មកប្រជុំគ្នានៅនេះ មានទាំងគណបក្សមានទាំងសភា និយាយប្រធានបទគឺ សន្តិភាព ការបង្រួបបង្រួមជាតិ និងការអត់ឱន ។ ដើមសប្ដាហ៍នេះ ខ្ញុំទៅសៀមរាប ដើម្បីយើងធ្វើម្ចាស់ផ្ទះនៃវេទិការកិច្ចប្រជុំនៃសន្ធិសញ្ញាអូតាវ៉ា ដែលប្រឆាំងមីន មីនប្រឆាំងមនុស្ស ដែលគ្រប់គ្នាបរទេសមកសិក្សាចង់ដឹងថាហេតុអីបានជាកម្ពុជាបញ្ចប់សង្រ្គាម ហើយបញ្ចប់សង្រ្គាមឱ្យចប់ដោយមានស្ថេរភាពមិនបទឈប់បាញ់ទើបមាន ២, ៣ឆ្នាំ ហើយបាញ់គ្នាឡើងវិញទេ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកយកករណីឧទាហរណ៍នៃស្វះស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា លីបង់ ដែលត្រូវបានរលាយត្រឹមតែរយៈពេល ១យប់ នៃបទឈប់បាញ់រវាងភាគីទាំង២ ដោយសម្ដេច ថា ម្សិលមិញ ឃើញនៅកាហ្សា នៅលីបង់ ប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែលជាមួយហេសបូឡា ដែលអ៊ីស្រាអែល ថា ជាក្រុមឧទ្ទាមមួយចលនាតស៊ូមិនទាន់បានស្រួលបួលផង ឈប់មិញបាញ់គ្នាវិញបាត់ ហើយទាហានមួកខៀវយើង ជិត២០០នាក់នៅហ្នុង ទូរស័ព្ទឯកឧត្តម ទៀ សីហា ទាក់ទងជាប់ ថ្ងៃខ្លះប្រាប់ថា គេផ្លោងមក គេបាញ់មក គ្មានដឹងទាហាន UN ទេ ។ បាញ់មក របួសទាហាន UN ប៉ុន្មាននាក់ ដាក់រថក្រោះបាញ់តែម្ដង មិនមែនបាញ់គ្រាប់ផ្លោង ដោយចៃដន្យទេ ដាក់បាញ់តែម្ដង ។ អីចឹងតិចថា ងាយស្រួលរកនូវសន្តិភាពនោះ ហើយបាញ់គ្នា ងាយស្រួលបង្កើតនូវកំហឹង ការសងសឹក ។

សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមទៀតថា ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសថ្ងៃនេះ កាលពីខ្ញុំឡើងធ្វើសន្ទរកថាសប្ដាហ៍មុននៅភ្នំពេញ ដើមសប្ដាហ៍នៅសៀមរាប ប៉ុន្តែថ្ងៃនេះ គឺខ្ញុំនិយាយនៅតំបន់ដែលធ្លាប់មានសង្រ្គាម និងតំបន់ដែលពោពេញទៅដោយមីនតែម្ដង វាខុសគ្នាត្រង់ហ្នឹង។ កន្លែងនោះ ជាកន្លែងដែលយើងនិយាយកាលដែលទស្សវត្សទី៩០ ជំនាន់មុន នយោបាយឈ្នះឈ្នះ ភាគច្រើនសន្តិភាពនៅនោះហើយ តែកន្លែងនេះ ជាកន្លែងតំបន់នៅវាយគ្នា អីចឹងយើងអាចឃើញហើយថា អ្វីដែលយើងសម្ភោធសមិទ្ធផលនៅថ្ងៃនេះ គឺវាភ្ជាប់ជាទិដ្ឋភាពជាក់ស្ដែង អង្គុយមើលគឺជាអ្នកដែលសល់ពីសង្រ្គាម អ្នកដែលរបួសពិការ តែនៅសល់ជីវិត ។ អីចឹង ទីនេះហើយដែលយើងឃើញនៅសក្ខីភាពកាកសំណល់ពីសង្រ្គាមទាំងមីន ទាំងរូបភាពដែលយើងឃើញខ្លះ ទាំងប្រជាពលរដ្ឋដែលរងគ្រោះ ប៉ុន្តែក៏យើងឃើញនូវសង្ឃឹមថ្មីដែលបានផ្ដល់ឱ្យជាក់ស្ដែង។ មិញខ្ញុំសួរថាជាង២០មុន មានដែលគិតថា មានផ្លូវបេតុងក្នុងភូមិទេ? អត់ដែលគិតទេ! មិនដឹងថា ថ្ងៃណាពេលណាអនាគតយ៉ាងមិចផងមែនទេ? តែថ្ងៃនេះ យើងឃើញបានផលដោយសារចក្ខុវិស័យដឹកនាំជាក់ស្ថែងរបស់សម្ដេចតេជោ ក្រុមការងារដែលច្បាស់លាស់ការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធទាំងអស់ចូលរួម ដើម្បីយើងរកវិធីដោះស្រាយដោយសន្តិវិធីឈ្នះឈ្នះ តែសំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ដោយសារតែប្រទេសយើងមានសន្តិភាព ទើបយើងអាចអភិវឌ្ឍន៍បានបែបនេះ ហើយយើងនឹងនៅតែបន្តអភិវឌ្ឍន៍ទៀត ដរាបណាសង្រ្គាមអវត្តមានពីប្រទេសរបស់យើង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner