នាយករដ្ឋមន្ត្រី ៖ រដ្ឋនឹងជួសជុលផ្សារបឹងឈូក នៅខេត្តបាត់ដំបង ជូនអាជីវករម្ចាស់តូបដោយឥតគិតថ្លៃ

(បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាល នឹងធ្វើការជួសជុលផ្សារបឹងឈូក ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជូនអាជីវករម្ចាស់តូបដោយឥតគិតថ្លៃឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយបានបំផ្លាញតូបអស់ប្រមាណជិត១៥០តូប ។ ទន្ទឹមនេះ សម្ដេចក៏បានប្រកាស នឹងផ្ដល់កម្មសិទ្ធិដល់ម្ចាស់តូបទាំងអស់ផងដែរ ។ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា ផ្សារបឹងឈូក ត្រូវបានវិនិយោគឡើងដោយឯកជន អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ពោល គឺតាំងពីឆ្នាំ១៩៩២ ។ បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជន ដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ ដូច្នេះហើយសម្តេច សម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករ ដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករ មានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ ។

ជាមួយនឹងការប្រកាសសាងសង់ផ្សារបឹងឈូកនេះឡើងវិញ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើមទាំងជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូច ស្ថិតនៅពីក្រោយ រដ្ឋនឹងផ្តល់សិទ្ធិកាន់កាប់អាស្រ័យផល លើតូបថ្មីនេះអស់មួយជីវីត តកូនតចៅ ។ សម្រាប់អ្នកជួលបន្តចំនួន ២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ ។ ដោយឡែកអ្នកជួលបន្តនៅជាន់ខាងក្រោម ដែលមិនរងការឆេះ និងអ្នកជួលបន្តនៅផ្សារខាងក្រោយ រដ្ឋបាលខេត្តបាត់ដំបង នឹងពិភាក្សាគ្នា ដើម្បីជួយពួកគាត់តាមលទ្ធភាព និងលើកយោបល់ជូនសម្តេចនៅពេលក្រោយ ។

ជាមួយគ្នានេះ សម្តេចបវរធិបតី បានផ្តល់អនុសាសន៍ឱ្យសាងសង់ផ្សារបឹងឈូកនេះ គឺត្រូវរក្សាស្ថានភាពក្នុងទម្រង់ដើម ទាំងចំនួនតូប និងទំហំតូប បន្ទាប់ពីអ្នកជំនាញក្រសួងដែនដីទៅសិក្សា។

សម្តេច ថា ក្នុងការសាងសង់អាចចំណាយរយៈពេល ៤ខែ ដូច្នេះហើយ អាជីវករដែលតូបឆេះអស់ អាចទៅរកទីតាំងលក់បណ្តោះអាសន្នសិន ចំណែកអាជីវករដែលមិនរងការឆាបឆេះនៅជាន់ផ្ទាល់ដី និងនៅខាងក្រោយ អាចលក់បន្ត បានជាធម្មតា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner