Huawei ដាក់លក់រថយន្តម៉ូដែលថ្មី ប្រជែង Rolls Royce មួយគ្រឿជិត ១៤ ម៉ឺនដុល្លារ
បរទេស៖ ឡានមូឌែល Maextro S800 របស់ក្រុមហ៊ុន Huawei មានទាំងប្រព័ន្ធបើកបរ ដោយខ្លួនឯង ត្រូវបានដាក់លក់មុន ក្នុងតម្លៃ ចាប់ពី១៤ម៉ឺនដុល្លារអាមេរិក ដល់ជាង២០ម៉ឺនដុល្លារ ដោយអ្នកទិញត្រូវដាក់ប្រាក់បញ្ញើចំនួនជិត៣ពាន់ដុល្លារ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Car News China។
Maextro S800 មានបណ្តោយប្រវែងជិត ៥ម៉ែត្រកន្លះ ទទឹង២ម៉ែត្រ និងកំពស់ ជាង១ម៉ែត្រកន្លះ។ យោងតាមលោក Richard Yu ប្រធានផ្នែករថយន្តឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ថា វាជាប្រភេទរថយន្តប្រតិបត្តិថ្នាក់ D+ ផ្តោតលើការប្រកួត ជាមួយគូប្រជែង ប្រណីតៗ ដូចជា Maybach ជំនាន់ S class និង Rolls Royce ជាដើម។ ព័ត៍មានចុងក្រោយ បង្ហាញថា រថយន្តនេះ នឹងមានតែពីរពណ៌ប៉ុណ្ណោះ ពណ៌ស្វាយ-ប្រាក់ ដែលបានបង្ហាញ នៅថ្ងៃនោះ និងពណ៌ខ្មៅសុទ្ធ ដែលចេញពេលក្រោយ។
នៅផ្នែកខាងមុខ មានដុំភ្លើង LED ពីរ ដែលបំបែក ដោយចង្កោមចង្កៀងមុខចម្បង។ ជុំវិញចង្កោមទាំងនេះ គឺជាអ្វីដែលមើលទៅដូចជា មីលគីវ៉េ នៃប្រភពពន្លឺតិចតួច។ រូបរាង Milky Way នេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងផ្នែកជាច្រើន នៃរថយន្ត គួរឱ្យកត់សម្គាល់បំផុត ជាមួយនឹងចង្កោមកាង ខាងក្រោយ។
Maextro S800 ដែលជាម៉ាកយីហោ ទីបួន នៅក្នុងសម្ព័ន្ធក្រុមហ៊ុន Huawei HIMA បើកការលក់មុន ឬ Pre-Sales អំឡុងពេលពិធីសម្ពោធទូរស័ព្ទ Huawei Mate កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា។ ប្រភពថា Maextro S800 គឺជាម៉ាកដែលត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការ រវាងក្រុមហ៊ុន Huawei និង JAC ។ បច្ចុប្បន្ននេះ វាគឺជាទីផ្សារខ្ពស់បំផុត ក្នុងចំណោមម៉ាកទាំង៤ ដែលបង្កើតបានជា HIMA ដែលសំដៅលើការធ្វើពាណិជ្ជជាសម្ព័ន្ធភាពរថយន្ត ដែលត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិចិន Huawei៕
ប្រភពពី Car News China, ប្រែសម្រួល៖ សារ៉ាត