ឥណ្ឌូនេស៊ីដំឡើងប្រាក់ខែ១០០%ដល់គ្រូបង្រៀន នៅឆ្នាំក្រោយ
បរទេស៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា ថវិកាអប់រំបំបែកកំណត់ត្រា ចំនួន ៥,២១ពាន់លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ ១០០% សម្រាប់គ្រូបង្រៀន នៅតាមសាលារដ្ឋ ចាប់ពីឆ្នាំ២០២៥ ហើយ គ្រូនៅសាលាឯកជន ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១២៦ដុល្លារអាមេរិក បន្ថែមពីលើប្រាក់ខែគោល របស់ពួកគេផងដែរ នេះបើតាមការចេញផ្សាយរបស់កាសែត CNA នៅថ្ងៃសុក្រនេះ។
ការសន្យារបស់លោកប្រធានាធិបតី Prabowo Subianto
បានធ្វើឡើង បន្ទាប់ពីការប្រកាសអំពីការដំឡើងប្រាក់បៀវត្សរ៍ នាពេលថ្មីៗនេះ សម្រាប់វិជ្ជាជីវៈផ្សេងៗទៀត ផងដែរ រួមទាំងកសិករ និងចៅក្រម ដែលផ្តួចផ្តើមដោយលោក Prabowo ក្នុងខែដំបូង នៃការដឹកនាំរបស់ខ្លួន។
បើតាមកាសែត Jakarta Post លោក Prabowo បាននិយាយ អំឡុងពេលប្រារព្ធទិវាគ្រូបង្រៀនជាតិថា «គណៈរដ្ឋមន្ត្រីរបស់ខ្ញុំ និងរូបខ្ញុំបានសម្រេចចិត្តដាក់ការអប់រំ ជាអាទិភាពកំពូល នៅក្នុងថវិការដ្ឋរបស់យើង ដូច្នេះ ការបែងចែកសម្រាប់ការអប់រំ នៅក្នុងថវិកាឆ្នាំ ២០២៥ នឹងក្លាយជារឿងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស»។
លោក Prabowo បានមានប្រសាសន៍បន្តថា «ទោះបីជាបានកាន់តំណែង ត្រឹមតែមួយខែក៏ដោយ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីភាពប្រសើរឡើង នៃសុខុមាលភាពរបស់គ្រូបង្រៀន ដោយកត់សម្គាល់ថា គ្រូបង្រៀន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធអប់រំជាតិដ៏ល្អ»។
ជាការកត់សម្គាល់ កាលពីដើមខែតុលា លោក Prabowo បានសន្យាធ្វើឱ្យប្រសើរឡើងនូវប្រាក់ឈ្នួល និងអត្ថប្រយោជន៍របស់ចៅក្រមផងដែរ ក្នុងគោលបំណងទប់ស្កាត់អំពើពុករលួយក្នុងប្រទេស ចំពេលមានកូដកម្មទូទាំងប្រទេស ដែលជំរុញឱ្យដំឡើងប្រាក់ឈ្នួល៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត