ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង
(ព្រៃវែង)៖ ការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ត្រូវបានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។
ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានចាត់ទុកលទ្ធផលនេះថា ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។
ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥មក អត្រាសិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះបានហក់ឡើង និងមានជាបន្ទាប់ ពោលគឺពីចាប់ជាង ៧០ភាគរយនៅឆ្នាំ២០១៥ រហូតដល់ជាង ៨០ភាគរយនៅឆ្នាំ២០២៤នេះ។
នៅឆ្នាំ២០២៤នេះ ខេត្តព្រៃវែង មានសិស្សជាប់និទ្ទេស A ចំនួន ១១៧នាក់។ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស សុខា បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ ជាពិសេសលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលចូលរួមសហការជាមួយ ស.ស.យ.ក. ខេត្តព្រៃវែង បើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ចាប់ពីឆ្នាំ២០១៥មក ។
សូមបញ្ជាក់ថា សម្រាប់ការបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រៃវែង ចាប់ពីឆ្នាំ២០១៥មកនោះ សហភាពសហព័ន្ធយុជនកម្ពុជាខេត្ត ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ បានចំណាយថវិកាប្រមាណ ៦០ ទៅ ៦៥លានរៀលក្នុងមួយឆ្នាំៗសម្រាប់ការឧត្ថម្ភដល់គ្រូស្ម័គ្រចិត្ត។ នេះបើតាមរបាយការណ៍ថ្លែងដោយលោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង៕
ដោយ / គ្រី សម្បត្តិ