ខួប៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាខួប៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៤)។
អាន៖ចាប៉ីដងវែងរបស់ព្រះរាជាណចក្រកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានកើតឡើងនៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី ដែលជាប្រទេសស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ។ស្នូរទះដៃអបអរសាទរ បានលាន់រន្ថើននាឱកាស ។
ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ
សភា ជាមួយសារអបអរសាទរក៏មិនភ្លេចនូវសារក្រើនរំលឹកថា “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !”។
ដូចគ្នានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារថា”អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ”៕
ដោយ៖មុនី