អ្នកនាំពាក្យ៖អង្គភាពសារព័ត៌មានជិត២ពាន់ និង២៦សមាគមសារព័ត៌មាន បានចុះបញ្ជីត្រឹមត្រូវនិងអ្នកសារព័ត៌មានជាង ៨ពាន់ ត្រូវបានផ្តល់បណ្ណសម្គាល់ជូនដោយក្រសួង
ភ្នំពេញ៖អង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ។ក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នក
នាំពាក្យក្រសួងព័ត៌មាន ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់អប្សរាសង់ត្រាល់កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាដោយបង្ហាញពីសកម្មភាពចូលរួមរបស់ក្រសួងនាពេលកន្លងមក ។ឯកឧត្តមបញ្ជាក់ថា ក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។
ឯកឧត្តមបន្តថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។ កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ចក្នុងក្របខ័ណ្ឌដែលច្បាប់កំណត់៕
ដោយ៖មុនី