គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ លើប្រធានបទ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត។

ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលសន្និសីទ នៃទីស្តីការ គ.ជ.ប ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានឱ្យដឹងថា ៖ គ.ជ.ប បានកំណត់រយៈពេល ១៦ ថ្ងៃ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ- ឆ្នោត ក្នុងឃុំ សង្កាត់នីមួយៗ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ បាន ចាប់ផ្តើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម បន្ថែមថា ៖ នៅថ្ងៃចាប់ផ្តើមដំបូង ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលា ឃុំ សង្កាត់ ។

ការិយាល័យចុះឈ្មោះបោះឆ្នោតបើកធ្វើការជារៀងរាល់ថ្ងៃ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០ នាទីល្ងាច ។

គ.ជ.ប បានណែនាំ និងចាត់ចែងឱ្យ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោតរៀបចំប្រតិទិនការងារ សម្រាប់ការិយាល័យ ចុះឈ្មោះបោះឆ្នោតទាំងអស់ក្នុងឃុំ សង្កាត់នីមួយៗ និងត្រូវបិទផ្សាយសម្រាប់ការបំពេញការងារ តាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ នៅសាលាឃុំ សង្កាត់ និងនៅតាមភូមិដែលត្រូវ ចុះឈ្មោះបោះឆ្នោត។

ក្នុងរយៈពេល ១៦ ថ្ងៃ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ ទទួលបានលទ្ធផល ដូចជា៖អ្នកមកសុំចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៧៧.៥៦៨ នាក់ ក្នុងនោះស្ត្រី ៨៩.២៧៤ នាក់ អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ១១១.៨៨៩ នាក់ ។ អ្នកដែលបានផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ៥៥.២៤៧ នាក់។ អ្នកមកសុំកែតម្រូវឈ្មោះ ឬ/និង ទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ២៦.៦៩០ នាក់ ។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងដោយបញ្ជាក់ថា៖សម្រាប់ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវបានបិទផ្សាយ និងបង្ហោះផ្សាយពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។ ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬនិងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ។

ឯកឧត្តម សោម សូរីដា ថ្លែងឱ្យដឹងដែរថាក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស ពុំបានទទួលពាក្យបណ្ដឹង ណាមួយឡើយ។ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គ.ជ.ប បានសម្រេចផ្តល់សុពភាពជាផ្លូវការលើបញ្ជី បោះឆ្នោត ឆ្នាំ២០២៤ផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner