អាជីវករនៅក្នុងផ្សារបឹងឈូកខេត្តបាត់ដំបងរីករាយ បន្ទាប់ពី សម្ដេច ធិបតីប្រកាសសង់ផ្សារជូនឡើងវិញ
បាត់ដំបង៖អាជីវករនៅផ្សារបឹងឈូកក្រុងបាត់ដំបង បានបង្ហាញ អារម្មណ៍សប្បាយរីករាយ ខណៈដែលទទួលបានដំណឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាបានប្រកាសជួសជុលផ្សារនិងតូបដែលឆេះឡើងវិញ ថែមទាំងផ្ដល់នូវសិទ្ធិឱ្យបងប្អូនអាជីវករក្នុងផ្សារគ្រប់គ្រង និងធ្វើអាជីវកម្ម មួយជីវិត ដោយមិនបង់ថ្លៃជួលកន្លែង និងតូបទៅឱ្យម្ចាស់វិនិយោគផ្សារដូចមុនៗទៀត។
កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ ផ្សារបឹងឈូកក្រុងបាត់ដំបង ដែលវិនិយោគដោយឯកជន ត្រូវបានបំផ្លាញអគ្គិភ័យនៅជាន់ជាន់ខាងលើនៃអគារផ្សារបឹងឈូក ដែលជាប្លុកតូបលក់ក្រណាត់ ខោអាវ លក់ប៉ាក់ ឌិន និងជាងកាត់ដេរជាដើម ។ឆេះផ្សារក៏ ដូចជាការផ្កាប់ឆ្នាំងបាយអាជីវករដូច្នោះដែរ ពីព្រោះដង្ហើមនៃចំណូល សម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារបានពឹងផ្អែកលើមុខ របរនៅទីនេះ ។ក្រោយឧបទ្ទវហេតុអគ្គិភ័យអាជីវករនៃផ្សារបឹងឈូក ហាក់បាត់ក្តីសង្ឃឹម ដោយសារតែការបញ្ជាក់អំពីការសាងសង់ផ្សារឡើង វិញមិនច្បាស់លាស់។
កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានអញ្ជើញជួបជាមួយក្រុមអាជីវករផ្សារបឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនដល់អាជីវករ។គឺរដ្ឋសម្រេចទទួលយកផ្សារពីឯកជន មកគ្រប់គ្រង និងជួសជុលឡើងវិញព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិត ជូនបងប្អូនអាជីវករដែលបានជួលតូប រាន ពីអ្នកវិនិយោគផ្សារ។អាជីវកមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។
ទទួលព័ត៌មាននេះ ក្រុមអាជីវករ បានសម្ដែងនូវអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់កាលៈ ទេសៈ និងក្នុងគ្រាលំបាក។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ សមិទ្ធ ផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្ដល់ដំណោះស្រាយ ជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូក ។ក្នុងនោះ សម្ដេចបានប្រកាសជួយជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិ ឱ្យអាជីវករកាន់កាប់តកូនតចៅមួយជីវិតដោយមិនមានបង់ថ្លៃតូបទៀ
តនោះទេ។
ព្រមជាមួយគ្នានោះសម្ដេចនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ អាជ្ញាធរខេត្តបាត់ដំបង ឱ្យរៀបចំទីតាំងលក់ដូរជាបណ្ដោះអាសន្នជូនអាជីវករដែលមានតូបឆេះនៅជាន់ខាងលើ ។ចំណែកតូបនៅ ជាន់ខាងក្រោម និងផ្នែកខាងក្រោយដែលមិនត្រូវបានឆេះអនុញ្ញាតឱ្យអាជីវករចូលលក់ដូរឡើងវិញជាធម្មតាក្នុងពេលឆាប់ៗខាងមុខនេះ។
សម្ដេចនាយករដ្ឋមន្រ្តី ក៏បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះពិនិត្យនិងរៀបចំសាងសង់តូបដែលបានឆេះឡើងវិញ ដោយរក្សា ទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដែលរងការខូចខាត។សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងក្នុង ខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងក្នុងការចុះអន្តរាគមន៍ពន្លត់ ទាន់ពេលវេលា មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពល រដ្ឋនោះឡើយ។
សូមរំលឹកថាកាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គិភ័យឆាបឆេះយ៉ាងខ្លាំងនិងរាលដាលយ៉ាងលឿន នៅជាន់ខាងលើនៃអគារផ្សារបឹងឈូក ដែលជាប្លុកតូបលក់ក្រណាត់ ខោអាវ លក់ប៉ាក់ ឌិន កាត់ដេរ។ល។កម្លាំងជំនាញបានគ្រប់គ្រងនិង ពន្លត់ទាំងស្រុងនៅម៉ោង៣ និង ២០នាទីទៀបភ្លឺថ្ងៃទី៤ ខែវិច្ឆិកា៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.