ថៃបង្ក្រាបការរត់ពន្ធសត្វព្រៃធំបំផុតមិនធ្លាប់មាន
បាងកក ៖ ប្រទេសថៃបានទទួលជោគជ័យ ក្នុងការបង្ក្រាបការជួញដូរសត្វព្រៃដ៏ធំបំផុតមិនធ្លាប់មាន ហើយគ្រោងនឹងបញ្ជូនអណ្តើក ក្នុងចំណោមសត្វព្រៃដទៃទៀតជាង ១,០០០ក្បាល ត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ពួកវាវិញនៅក្នុងប្រទេសម៉ាដាហ្គាស្ការ។
ប៉ូលិសថៃបានរកឃើញ និងរឹបអូសសត្វព្រៃជួញដូរខុសច្បាប់ ទាំងនៅរស់ និងងាប់ខ្លះចំនួន ១,១១៧ក្បាលនៅខេត្ត Chumphon ភាគខាងត្បូងប្រទេសថៃ កាលពីខែឧសភា ដែលនេះជាការរឹបអូសដ៏ធំបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ។
ប្រទេសថៃគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់អ្នករត់ពន្ធសត្វព្រៃ ដែលជារឿយៗពួកគេលក់សត្វជិតផុតពូជ ដែលមានតម្លៃខ្ពស់នៅលើទីផ្សារងងឹតនៅក្នុងប្រទេសចិន វៀតណាម និងតៃវ៉ាន់។
តួយ៉ាង ប៉ូលិសថៃបានចាប់ខ្លួនមនុស្ស ៦នាក់ និងចោទប្រកាន់ពីបទជួញដូរសត្វព្រៃជិតផុតពូជកាលពីខែឧសភា ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១.៥លានបាត ឬប្រហែល៤៣,០០០ដុល្លារ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ។
យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលការជួញដូរសត្វព្រៃ TRAFFIC បានឱ្យដឹងថា ប្រទេសថៃ គឺជាអ្នកនាំចូល និងនាំចេញស្របច្បាប់ដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នៃសត្វព្រៃដែលបានចុះបញ្ជី CITES ពីម៉ាដាហ្គាស្កា។ប៉ុន្តែយោងតាមរបាយការណ៍ឆ្នាំ ២០២៣ ការជួញដូរខុសច្បាប់នៅតែបន្តកើតមាន ហើយវិសាលភាពពិតទំនងជាធំជាងអ្វីដែលឆ្លុះបញ្ចាំងដោយកំណត់ត្រារឹបអូសតែមួយមុខ។
ក្នុងឆ្នាំ២០១០ អាជ្ញាធរគយថៃបានរឹបអូសអណ្តើកជិតផុតពូជជាង ២០០ក្បាល ដែលត្រូវបានគេរត់ពន្ធចូលប្រទេសថៃពីប្រទេសម៉ាដាហ្គាស្កា។ ចំណែកកាលពីខែមិថុនាឆ្នាំនេះ មន្ត្រីគយថៃបានចាប់ខ្លួនជនជាតិឥណ្ឌា៦នាក់ ពីបទប៉ុនប៉ងរត់ពន្ធខ្លាឃ្មុំផេនដាក្រហម និងសត្វ៨៦ក្បាលផ្សេងទៀតចេញពីប្រទេសថៃ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា