មន្រ្តីប្រឆាំងគ្រឿងញៀន ជំរុញមន្ត្រីអនុវត្តច្បាប់ជួរមុខត្រូវបង្កើនប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន
បាត់ដំបង៖ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ” កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤បានថ្លែងថា ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ្រឿងញៀន(អ.ជ.ប.គ.ញ) បា
នបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាការឆ្លើយតប និងបំពេញបន្ថែមទាំងសមត្ថភាពនិងជំនាញបច្ចេកទេសជូនដល់មន្ត្រីអនុវត្តច្បាប់។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្ថែមថា វគ្គនេះក៏ដើម្បីកសាង និងពង្រឹងនូវសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ សំដៅធានានិងបង្កើននូវប្រសិទ្ធភាព ក្នុងការងារ បង្ការ ទប់ស្កាត់និង បង្ក្រាបបញ្ហាគ្រឿងញៀន នៅកម្ពុជាឱ្យស្របឆ្លើយតបទៅតាមការវិវត្តថ្មី ពីទង្វើនៃអំពើជំនួញគ្រឿងញៀន ដែលបទល្មើសនេះ វាកាន់តែរីក ដុះដាល និងប្រើប្រាស់វិធីសាស្ត្រ កាន់តែស្មុគស្មាញ និងមានចរិតកាន់តែសាហាវឃោរឃៅ ដែលវាចាំបាច់តម្រូវឱ្យមន្ត្រីអនុវត្តច្បាប់របស់យើងត្រូវខិតខំសិក្សាស្វែងយល់បន្ថែមពេលត្រឡប់ទៅបំពេញ
ការងាររបស់ខ្លួនវិញ។

លោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានថ្លែងថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ថ្វីត្បិតតែរយៈពេលខ្លីមែន តែបានរួមចំណែកក្នុងការលើកកម្ពស់ និងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ។ លោកបន្តថា ការផ្ទេរចំណេះដឹង និងបទពិសោធន៍ជូនដោយគ្រូឧទ្ទេសនាម គឺជារឿងសំខាន់ តែសំខាន់ជាងនេះគឺអាស្រ័យលើសិក្ខាកាមផ្ទាល់ដែលជាអ្នកក្រេបយកនូវចំណេះដឹងជំនាញទាំងនេះ យកទៅអនុវត្តជាក់ស្តែង និងចេះចែករំលែកបទពិសោធន៍ ផ្សព្វផ្សាយបន្តទៅកាន់មិត្តរួមការងាររបស់ខ្លួនបានដោយកម្រិតណា។

សូមជម្រាបថា ខេត្តបាត់ដំបងបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ បើកវគ្គបណ្តុះបណ្តាល ស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ នៅសាលប្រជុំសាលាខេត្តបាត់ដំបងរយៈពេលពីរចាប់ពីថ្ងៃទី២៨ -២៩ ខែវិច្ឆិកា។វគ្គនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ដោយមានសិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធមកពី ខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ និងខេត្តបន្ទាយមានជ័យចំនួនជិត១០០នាក់ ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.




