ឯកឧត្ដមឃួង ស្រេង ៖ ជាមន្ត្រីបក្សប្រជាជន ត្រូវយកចិត្តទុកដាក់មើលថែ សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញអោយមន្ត្រីគណបក្សប្រជាជន យកចិត្តទុកដាក់មើលថែ សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ ។

ការជំរុញបែបនេះរបស់ ឯកឧត្ដមឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី៣០វិច្ឆិកា ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅនៅទីស្នាក់ការបក្សខណ្ឌនៅទីស្នាក់ការមន្ទីរគណបក្ស ខណ្ឌព្រែកព្នៅ ។

ឯកឧត្ដមឃួង ស្រេង លើកឡើងថា ៖ មន្ត្រីបក្សរបស់យើងទាំងអស់ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវដោះស្រាយជួយពួកគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀងអាហារជាដើម។

បន្ថែមពីនេះ មន្ត្រីបក្សរបស់យើងក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សរបស់យើងត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយអោយបានខ្លាំងក្លា និងវាយបកអោយបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីអោយសមាជិក និងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ។

ត្រូវក្តាប់អោយបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋអោយបាន ហើយជម្រាបពួកគាត់អោយបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ពិសេសចលនាពួកគាត់អោយបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា កម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី រកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជាត្រូវទទួលបានជ័យជំនៈរហូត ដើម្បីអោយប្រទេសកម្ពុជារក្សាបានសន្តិភាព ដែលជាឱកាស អភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើន ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner