ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិ នៃវគ្គហ្វឹកហ្វឺន ៦២រូប បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក
(ភ្នំពេញ)៖ ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិនៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ ក្រោមគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិចំនួន៦២រូប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងកម្មវិធីអនុវត្តមុខងារសេស់របស់ អ.វ.ត.ក.។
ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស្ដ្រកម្ពុជាក្នុងសម័យខ្មែរក្រហមផងដែរ។
ឯកឧត្តម ក្រាញ់ តូនី មានប្រសាសន៍ថា “ដំណើរទស្សនកិច្ចរបស់កងទ័ពអន្តរជាតិមកកាន់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នេះ គឺពិតជាមានន័យណាស់សម្រាប់មជ្ឈមណ្ឌលធនធាន និងអ្នកចូលរួមទាំងអស់។ ទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះយុត្តិធម៌ និងគណនេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗផងដែរ។ អ្នកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគោរពច្បាប់អន្តរជាតិ ហើយយើងរួមគ្នាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រឈមមុខនឹងនិទណ្ឌភាព និងការលើកកម្ពស់សន្តិភាពតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា”។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃ អ.វ.ត.ក. និងមន្ដ្រីពាក់ព័ន្ធបានទទួលស្វាគមន៍និងធ្វើបទបង្ហាញ អំពីសមិទ្ធផលរបស់របស់សាលាក្ដីខ្មែរក្រហម សារៈសំខាន់នៃការជំនុំជម្រះក្ដីសម្រាប់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ និងមុខងារសេសសល់របស់ អ.វ.ត.ក. ដែលកំពុងអនុវត្តក្នុងដំណាក់កាលក្រោយជំនុំជម្រះក្ដី។
លើសពីនេះ ប្រតិភូក៏អញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្ដីក្នុងបណ្ណសារ រថយន្ដក្រុង អ.វ.ត.ក. ចល័ត ឯកសារផ្សព្វផ្សាយរបស់ អ.វ.ត.ក. និងយល់ដឹងពីរបៀបចូលទៅពិនិត្យមើលឯកសារឌីជីថលជាង ២.៤លានទំព័រក្នុងបណ្ណសារឌីជីថលរបស់ អ.វ.ត.ក. ផងដែរ។ ជាមួយគ្នានេះផងដែរ ប្រតិភូបានអញ្ជើញទស្សនកិច្ចនៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ