អាជ្ញាធរ និងកសិករ សាទរគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ស្ថិតក្នុងផែនការនៃកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យមន្រ្តីជំនាញនៃក្រសួង
ធនធានទឹក និងឧតុនិយម បានសិក្សាគម្រោងប្រព័ន្ធធារាសាស្រ្តស្ទឹងក្រសាំង ដែលជាចំណុចប្រសព្វនៃខេត្តចំនួនបី គឺបន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប។ផែនការនេះបានទទួលនូវការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនៅទីនោះ។
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ទទួលមុខព្រួញខេត្តបន្ទាយមានជ័យបានឱ្យដឹងពី
គម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយមានជ័យ ។ទន្ទឹមនេះក៏ចាំបាច់ត្រូវធ្វើសិក្សាយ៉ាងម៉ត់ចត់។ការសិក្សាគម្រោងជំហានដំបូងលើខេត្តចំនួនបី រួមមាន៖ ខេត្តសៀមរាប ឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ។គម្រោងនេះមានការគាំទ្រហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
បើតាមមន្ត្រីបច្ចេកទេសចុះមកសិក្សានេះបានឱ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា ដោយឡែកខេត្តបន្ទាយមានជ័យអ្នកបច្ចេកទេសសិក្សាការស្ដារពង្រីកអូររំដួល ក្នុងឃុំភ្នំលៀប ស្រុកព្រះនេតព្រះ និងស្ដារពង្រីកបន្ថែមប្រឡាយមេ ចេញពីសំណង់ធារាសាស្ត្រ អន្សមនាវ និងប្រព័ន្ធធារាសាស្រ្តស្ទឹងក្រសាំង នៅឃុំណាំតៅ ស្រុកភ្នំស្រុក ដើម្បីយកទឹកពីប្រភពខាងលើចូលមកអាងទឹកត្រពាំងថ្ម។ពោលគឺ រំដោះទឹកជន់ជោរឡើងខ្លាំងមិនឱ្យលិចលើភូមិសាស្ត្រស្រុកទាំងពីរ និងស្តុកទឹកទុកប្រើប្រាស់នារដូវប្រាំងផង។
ជុំវិញគម្រោងខាងលើលោក ឃ្លោក នួយ អភិបាលរងខេត្ត និង អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាកសិករបានអបអរសាទរចំពោះ ក្រៃលែងចំពោះគម្រោងនេះ។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដែលគម្រោងអភិវឌ្ឍន៍មួយនេះ កំពុងដំណើរការហើយនឹងរួចរាល់ពេលខាងមុខ៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន