សហគមន៍កសិកម្មវាលពោធិ៍សាមគ្គី និងដេប៉ូមួយក្នុងខេត្តស្ទឹងត្រែង ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីស្រស់
ស្ទឹងត្រែង៖លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីចុះហត្ថលេខាផ្គត់ផ្គង់ដំឡូងមីស្រស់រវាងប្រជាសហគមន៍វាលពោធិ៍ និងដេប៉ូ លាង ប៊ុនហ៊ាង ដែលទទួលទិញផលកសិកម្មពីប្រជាកសិករក្នុងខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅមន្ទីរកសិកម្មខេត្ត ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
ទាក់ទងនឹងការចុះហត្ថលេខាផ្គត់ផ្គង់ដំឡូងមីស្រស់រវាងប្រជាសហគមន៍វាលពោធិ៍ និងដេប៉ូ លាង ប៊ុនហ៊ាង ,លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា សហគមន៍កសិកម្មខេត្តស្ទឹងត្រែងបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ។បច្ចុប្បន្នមានចំនួន ៣៩សហគមន៍។ រីឯសហគមន៍ដែលបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីស្រស់ ប្រកបដោយទំនុកចិត្តទៅឱ្យដេប៉ូ លាង ប៊ុនហ៊ាង នៅពេលនេះ គឺសហគមន៍កសិកម្ម វាលពោធិ៍សាមគ្គី ដែលមានមូលដ្ឋាននៅក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ។
លោកប្រធានមន្ទីរបានហៅការចុះកិច្ចព្រមព្រៀងរវាងសហគមន៍កសិកម្ម និងម្ចាស់ដេប៉ូក្នុងពេលនេះ ដើម្បីឱ្យសហគមន៍ និងអ្នកទិញមានភាពស្មោះត្រង់ជាមួយគ្នា។
ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានហៅការចុះហត្ថលេខារវាងសហគមន៍និងដេប៉ូទទួលទិញនាពេលនេះ ជាការជួយស្វែងរកទីផ្សារ និងជួយកំណត់តម្លៃកសិផល របស់ប្រជាសហគមន៍ឱ្យមានស្ថេរភាព និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករក្នុងសហគមន៍។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងស្មោះត្រង់នឹងគ្នា។ត្រូវគោរពនូវកិច្ចសន្យាដែលបានព្រមព្រៀង ហើយបើមានវិវាទកើតឡើង សូមភាគីទាំងពីរដោះស្រាយ ក្រៅប្រព័ន្ធតុលាការជាមុនសិន៕
អត្ថបទនិងរូបភាព៖ឡុង សំបូរ