ក្រសួងប្រៃសណីយ៍ ផ្តល់ពានរង្វាន់ដល់អ្នកទទួលបានជ័យលាភី ក្នុងកម្មវិធី”ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ច្រើនជាងឆ្នាំកន្លងទៅ
(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំនៃការរៀបចំកម្មវិធីពានរង្វាន់បច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃស ណីយ៍ បានបង្កើនចំនួនប្រាក់ឧបត្ថម្ភច្រើនជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ជូនបេក្ខជនដែលទទួលបានជ័យលាភី ។ កម្មវិធីពានរង្វាន់បច្ចេកវិទ្យាឌីជីថលកម្ពុជា Cambodia Digital Award 2024 គឺជា កម្មវិធីប្រគួតប្រជែងថ្នាក់ជាតិផ្នែកបច្ចេកវិទ្យាឌីជីថលថ្នាក់ជាតិធំជាងគេបំផុតនៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ នៅក្នុងឆ្នាំ២០២៤ ការរៀបចំកម្មវិធីប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ” បានធ្វើឡើងស្ថិតក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អ” ដែលបានប្រារព្វធ្វើឡើង នៅពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត រីជែនស៊ី ភ្នំពេញ ក្នុងរាជធានីភ្នំពេញ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមផងដែរពីមន្ត្រីពាក់ព័ន្ធ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបផងដែរ ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នៅក្នុងឱកាសនេះ បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន ។ ឯកឧត្តម នូវបានកោតសរសើរដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទរបស់ក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ក្រុមការងាររៀបចំ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត ។
បច្ចេកវិទ្យាឌីជីថល គឺជាមុំមួយក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ង៉ាន់ ទិត្យ