ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅខេត្តព្រះវិហារ ដែលចូលរួម​ផ្ទាល់ដោយឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព្រះវិហារ៖ដោយប្រើប្រាស់ឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់ឈាម​សហភាព​សហព័ន្ធយុវជន​កម្ពុជា​​​(ស.ស.យ.ក)ខេត្តព្រះវិហារ និងបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ​ស.ស.យ.កខេត្ត នៅភូមិឡអិដ្ឋ សង្កាត់កំពង់​ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធាន​ស.ស.យ.ក កម្ពុជា បានចូលរួមដោយផ្ទាល់ក្នុងការបរិច្ចាគឈាម​ជាលើកទី១៣​ ដើម្បី​សង្រ្គោះជីវិតអ្នក​មានតម្រូវការឈាម ។

ចូលរួមដោយផ្ទាល់ជាមួយអ្នកបរិច្ចាគឈាម ក្នុងមណ្ឌល​ផ្តល់ឈាម​ស.ស.យ.ក ខេត្តព្រះវិហារឯកឧត្តមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍រំលឹកដល់ថ្នាក់ដឹកនាំស.ស.យ.ក ខេត្ត សមាជិក​សមាជិកាស.ស.យ.ក ខេត្តទាំងអស់ថា ក្រោយពីមានអគារ​មណ្ឌល​ផ្តល់ឈាមនេះហើយ គឺត្រូវធ្វើយ៉ាងណាឱ្យមានសកម្មភាពផ្តល់ឈាម​ជានិច្ច​ ដើម្បី​ចូលរួមជួយ​ដល់​ប្រជាពលរដ្ឋដែលត្រូវការ​ចាំ​បាច់ដើម្បី​សង្គ្រោះអាយុជីវិត។

ឯកឧត្តមបន្តថា មិនត្រូវមានក្តីព្រួយបារម្ភពីសុវត្ថិភាពក្នុងការបរិច្ចាគ​ឈាមនោះទេ ព្រោះមណ្ឌលផ្តល់ឈាម នៃស.ស.យ.ក ខេត្ត​ព្រះវិហារ ត្រូវបានសាងសង់ឡើងដោយស្តង់ដាបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ។វត្តមាននៃមណ្ឌលផ្តល់ឈាមគឺ​ដើម្បី​ជំរុញ​ចលនា​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត ពីសំណាក់សាធារណជនឱ្យកាន់តែមានចំនួន​ច្រើន​ឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់​ជួយសង្រ្គោះ ដល់អាយុជីវិត ប្រជាពលរដ្ឋខេត្តព្រះវិហារដែលត្រូវការឈាមជាបន្ទាន់ ។

អគារមណ្ឌលផ្តល់ឈាមរបស់ស.ស.យ.ក ខេត្តព្រះវិហារ ដែលដាក់​សម្ពោធមានទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ។ក្នុងនេះ មាន​កន្លែង​ផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបានបំពាក់ឧបករណ៍ បរិក្ខាមួយចំនួន​ដូចជា ទូទឹកកក​សម្រាប់រក្សាឈាមធម្មតា និងទូទឹកកកសម្រាប់ទុកប្លាស្មា ។អគារនេះ​ចំណាយអស់ថវិកា ៣៥ .០០០ដុល្លារអាមេរិក​។ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារមានប្រសាសន៍ថា វត្តមាននៃអគារនេះបង្កភាព​ងាយស្រួលមិនបាច់ចល័ត​យកមក​ឈាមពីភ្នំពេញ និងពីខេត្តសៀមរាប​ទៀតទេ៕
អត្ថបទ និងរូបភាព៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner