រសជាតិជ្រូកស្រែអាំងនៅឃុំព្រះដាក់ ខេត្តសៀមរាប កំពុងទាក់ ទាញទេសចរជិតឆ្ងាយ
សៀមរាប៖រយៈពេលចុងក្រោយនេះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រៅពីល្បីឈ្មោះនំបញ្ចុក នំអាកោរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត នៅទីនេះរសជាតិជ្រូកស្រែអាំង ក៏កំពុង ក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលចិត្តស្វែងរកអាហារដ៏ពិសេសប្រចាំតំបន់ផងដែរ។
ជ្រូកស្រែអាំងដែលជាមុខម្ហូបច្នៃថ្មីរបស់ប្រជាជនភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី កំពុងទាក់ទាញខ្លាំង។ ទេសចរជិត ឆ្ងាយ តែងតែទៅភ្លក់រសជាតិអាហារមួយនេះដោយផ្ទាល់ ឬទិញផ្ញើញាតិ មិត្តដែលពុំបានទៅដល់ ។ភាពទាក់ទាញនៅត្រង់ថា ជាម្ហូបប្លែក ប្រចាំ រមណីយដ្ឋានអង្គរ។រសជាតិស្រួយស្រឹបពីស្បែក ដល់សាច់ ខាងក្នុង ជ្រលក់ជាមួយទឹកប្រហុកលាយគល់ស្លឹកគ្រៃ ឬទឹកត្រី បុកជូរហឹរ ទ្រនាប់ជាមួយបន្លែចម្រុះ បានធ្វើឱ្យរសជាតិជ្រូកអាំងព្រះដាក់ ទាក់ទាញអ្នកបរិភោគខ្លាំង ។ចំណែកតម្លៃក៏សមរម្យ។មួយគីឡូ ក្រាមតម្លៃប្រាំម៉ឺនរៀល។
បច្ចុប្បន្នអ្នកប្រកបរបរជ្រូកអាំង អ្នកភូមិព្រះដាក់បានចាប់យកអាជីពមួយនេះមានចំនួនកាន់តែច្រើនឡើង ខណៈនេះជាមុខរបរផ្តល់នូវចំណូល និងការងារកាន់តែច្រើនឡើងសម្រាប់អ្នកភូមិ ។សំខាន់គឺ កេរ្តិ៍ឈ្មោះជ្រូកស្រែអាំងព្រះដាក់ កំពុងទទួលបាននូវការ
គាំទ្រពីអតិថិជននិងអ្នកបរិភោគ។
អ្នកមកកម្សាន្តរមណីយដ្ឋានអង្គរ ឬខេត្តសៀមរាប សូមកុំភ្លេច ទៅភ្លក់រសជាតិជ្រូកអាំងព្រះដាក់ ស្រុកបន្ទាយស្រី ៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា