មន្ទីរអប់រំយុវជនខេត្តសៀមរាប រៀបចំការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រការជជែកដេញដោលយុវជនថ្នាក់ខេត្ត
សៀមរាប៖មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា បានរៀបចំការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រស្តីពីការជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៤ និងការនិយាយជាសាធារណៈ ក្រោមប្រធានបទ “សហគ្រិនវ័យក្មេងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ “ក្រោមវត្តមានចូលរួមពីសំណាក់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ។
ក្នុងនាមគណៈកម្មការរៀបចំកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រការជជែកដេញដោលយុវជនថ្នាក់ខេត្ត លោក ស៊ិន កុសល ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានបញ្ជាក់ថា គោលបំណងនៃការរៀបចំនេះគឺដើម្បីបណ្តុះយុវជនឱ្យក្លាយជាពលរដ្ឋសកលឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល។បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា។កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម និងពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ។ជំនាញក្នុងការនិយាយសាធារណៈជាដើម។
វគ្គប្រកួតប្រជែងនេះបេក្ខជនចំនួន២ក្រុមចូលរួម ។គឺបេក្ខជនមកពីសាលាអន្តរជាតិយូអេសអេ(ជាក្រុមស្រប) ត្រូវប្រកួតជាមួយ បេក្ខជនមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង (ជាក្រុមបដិសេធ)។ក្រុមដែលឈ្នះនឹងត្រូវតំណាងឱ្យខេត្តសៀមរាបទៅប្រកួតការជជែកដេញដោលយុវជនថ្នាក់ជាតិបន្តទៀត ។
លទ្ធផលនៃការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រពេញមួយព្រឹកនេះជ័យលាភីលេខ១បានទៅក្រុមបេក្ខជនមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង (ជាក្រុមបដិសេធ)ខណៈក្រុមបេក្ខជនមកពីសាលាអន្តរជាតិយូអេសអេ (ជាក្រុមស្រប)ជាប់ចំណាត់ថ្នាក់លេខ២ ៕
ដោយ៖ ប៊ុន រដ្ឋា