រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិព័រណ៍កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុករយៈពេលបីថ្ងៃ

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបសហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជនបានរៀបចំពិព័រណ៍កសិ-ពាណិជ្ជកម្ម និង​ផលិត​ផលក្នុងស្រុកលើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ នៅ​បរិវេណ​សួនច្បារ​ព្រះអង្គចេកព្រះ​អង្គចម។គោលបំណងនៃពិព័រណ៍ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង​រវាងអ្នក​ផលិតទៅកាន់អ្នកប្រើប្រាស់ និងលើក​កម្ពស់ផលិតផលក្នុងស្រុក ដោយផ្តោតសំខាន់លើការប្រើប្រាស់បន្លែសុវត្ថិភាព និងផលិតផល​កែច្នៃដែលមានគុណភាព។

ពិធីសម្ពោធបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោក គិត ភារ៉ា អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។

ពិព័រណ៍មានដូចជា ការតាំងលក់ផលិតផលបន្លែ ផ្លែឈើ និងអាហារ​កែច្នៃ,កម្មវិធីដាល់អំបុក,ការប្រកួតចម្អិនអាហារ ដែលមានការ​ចូលរួម​ដោយសមាគមចុងភៅកម្ពុជា។ពិព័រណ៍នេះមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអង្គការ ដោយមាន​ស្តង់ចំនួន ៨៥ មកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានី​ភ្នំពេញ។

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បាន​បញ្ជាក់ថា ពិព័រណ៍នេះចង់ផ្តល់ឱកាសឱ្យកសិករនិងផលិតករ ដើម្បី​លើកស្ទួយទីផ្សារថ្មី និងបង្កើតការយល់ដឹងអំពីភាពសំខាន់នៃ​ផលិតផល​សុវត្ថិភាព។

លោក គិត ភារ៉ា អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍​នេះជា​ការរួមចំណែក​លើក​កម្ពស់ផលិត​ផលក្នុងស្រុក ដូចជាបន្លែសុវត្ថិភាព និងកសិផលដែលមានគុណភាព។ជាក្តីសង្ឃឹមសម្រាប់ការប្រកួតប្រជែង​លើ​ទីផ្សារជាតិ និងអន្តរជាតិ៕
ដោយ៖ប៊ុន រដ្ឋា

ads banner