រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយសារអប់រំសុខភាពលើតុ ដើម្បី​លើកកម្ពស់អាហាររូបត្ថម្ភល្អ

សៀមរាប៖អង្គការរ៉ាចា( RACHA) សហការជាមួយមន្ទីរសុខាភិបាល​ខេត្តសៀមរាបនិងការឧបត្ថម្ភពីអង្គការយូនីសេហ្វ​( UNICEF) កាល​ពីថ្ងៃទី២៩ ខែវិច្ឆិកា បានរៀបចំកម្មវិធីផ្សព្វផ្សាយសារ​អប់រំសុខ​ភាព​លើតុ ដើម្បីលើកកម្ពស់អាហាររូបត្ថម្ភតិចអំបិល តិចខ្លាញ់ និងតិចស្ករ នៅសណ្ឋាគារ​បាយ័ន អេរ៉ា។តំណាងអាជ្ញាធរឃុំ សង្កាត់ មន្រ្តីមន្ទីរ​សុខាភិបាល ក្រុមហ៊ុនសណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន​ចំនួន១៥០ នាក់បានចូលរួមក្នុងកម្មវិធីនេះ ។

លោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិអង្គការ RACHA បាន លើកឡើងអំពីសារៈសំខាន់ក្នុងការប្រើប្រាស់អាហារ​ដែល​តិចអំបិល តិចខ្លាញ់ និងតិចស្ករ ដើម្បីបន្ថយហានិភ័យជំងឺមិនឆ្លង ដូចជា ជំងឺបេះដូង ជំងឺរលាកសរសៃឈាម និងជំងឺ​ប្រព័ន្ធរំលាយ​អាហារ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបដែលអញ្ជើញ​ចូលរួម​ក្នុងកម្មវិធីនេះ​បានបញ្ជាក់ថា សារអប់រំនេះ មិនត្រឹមតែជួយឱ្យ​ប្រជាពលរដ្ឋស្វែងយល់អំពីគ្រោះថ្នាក់នៃអំបិល ខ្លាញ់ និងស្ករជាច្រើន​ប៉ុណ្ណោះទេ តែថែមទាំងលើកស្ទួយសុខភាពសាធារណៈ និងកែប្រែ​អាហាររបស់អាជីវករ៕
ដោយ៖​ប៊ុន​ រដ្ឋា

ads banner