ក្រុមស្ថាបត្យករ បង្កើតគំនិតកែលម្អ មហាវិថីព្រះមុនីវង្ស និង មហាវិថីព្រះនរោត្តមឱ្យផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយផាសុខភាព និង ទាក់ទាញទេសចរណ៍
(ភ្នំពេញ)៖ ស្ថាបត្យករ ២ក្រុម បានបង្កើតនូវគំនិតថ្មី ក្នុងការ កែលម្អ ផ្លូវ មហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តម ដើម្បីប្រែក្លាយជាមហាវិថីមួយដែលប្រកបដោយភាពផ្លាស់ប្តូរមុខមាត់ថ្មី ពោលគឺក្រៅពីជាទីកន្លែងរស់នៅរបស់សហគមន៍ហើយ នៅជាទីស្រស់ស្អាតប្រកបដោយអនាម័យបរិស្ថាន ដែលជាទីមនោរម្យក្នុងរាជធានីភ្នំពេញ ។
ការបញ្ចេញពីគំនិត នៃគម្រោងនេះធ្វើឡើងក្នុងបទបង្ហាញដែលជាទីចាប់អារម្មណ៍ ក៏ដូចជាបានបញ្ចេញនូវផ្នត់គំនិតបែបថ្មី របស់ស្ថាបត្យកម្ម ទាំង២ក្រុម ក្នុងព្រឹត្តិការណ៍”វិចិត្រសាលស្ថាបត្យកម្ម ២០២៤ “ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៤។
ក្រុមស្ថាបត្យករ ដែលទទួលបានជ័យលាភីលេខ១ ទាំង២ក្រុមក្នុងការប្រកួតកែលម្អរាជធានីភ្នំពេញរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ទាំងនេះ គឺបានរំលេចពីការបង្កើតនូវគំនិតនៃមហាវិថីទាំង២នេះ ជាទីកន្លែងពណ៌បៃតង អនាម័យបរិស្ថានស្រស់ស្អាត មានកន្លែងដើរកម្សាន្ត កន្លែងជិះកង់ មានការរៀបចំបង្គន់អនាម័យនិង ចំណតរថយន្តជាដើម។
គួរបញ្ជាក់ថា មហាវិថីព្រះមុនីវង្ស គឺជាមហាវិថីដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ ដែលគិតចាប់ពីស្ពានអាកាសក្បាលថ្នល់ ទៅដល់ រង្វង់មូល ស្ពានជ្រោយចង្វារ។ដោយឡែកមហាវិថីព្រះនរោត្តមវិញ គឺជា មហាវិថី ដ៏សំខាន់មួយទៀតក្នុង ប្រទេសកម្ពុជា និងជា ផ្លូវសរសៃឈាម ដ៏ចំណាស់ជាងគេមួយរបស់រាជធានីភ្នំពេញ ។ ផ្លូវនេះត្រូវបានគេដាក់ឈ្មោះតាម ព្រះបាទនរោត្តម។មហាវិថីមួយនេះតភ្ជាប់ជាមួយ ស្ពានព្រះមុនីវង្សឬស្ពានក្បាលថ្នល់នៅភាគអាគ្នេយ៍នៃទីក្រុងនៅ ទន្លេបាសាក់ ហើយភ្ជាប់ជាមួយភាគខាងជើងនៃទីក្រុងទៅកាន់ វត្តភ្នំ។
សមាជិកក្រុមទទួលបានជ័យលាភី ពីគម្រោង “ការរចនាដងផ្លូវមុនីវង្ស”លោក ចន្ធី ម៉ានីរត្ន័ ដែលជានិស្សិតស្ថាបត្យករ និងជាប្រធានក្រុមបានឱ្យដឹងថា៖ ក្នុងចំណោមសមាជិកក្នុងក្រុមរបស់លោកគឺមានគំនិតរួមគ្នាមួយចង់ប្រែក្លាយផ្លូវព្រះមុនីវង្ស ឱ្យផ្តល់ ផលប្រយោជន៍ យ៉ាងច្រើនទៅថ្ងៃអនាគត ។ គោលដៅចំបងគឺចង់ប្រែក្លាយលើ ដងវិថីនេះក្លាយ ជាទី សេដ្ឋកិច្ច សម្រាប់ចរាចរដឹកជញ្ជូន កន្លែងកម្សាន្តរបស់អ្នកទេសចរ ជាដើម ។ ក្នុងនេះចាំបាច់ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អមួយបន្ថែមលើអ្វីដែលមានសព្វថ្ងៃ ។
លោក បានរៀបរាប់ប្រាប់ពីការបំផុសគំនិតបន្ថែមបែបថ្មីនេះថា វាចាំបាច់ត្រូវការទាមទារការសិក្សា ការចុះពិនិត្យដល់ទីតាំងផ្ទាល់ ។ សម្រាប់ការរចនាប្លង់មាន ៤ដំណាក់កាលគឺទី១ដោះស្រាយចរាចរណ៍ ដោះស្រាយលើសេវ៉ាសាធារណៈ,ដោះស្រាយទីក្រុងបៃតង ,និងការកាត់បន្ថយបំពុលបរិស្ថាន ដែលបង្កឱ្យប៉ះពាល់ទៅលើស្រទាប់អូហ្សូន នាំជះផលអាក្រក់ដល់ការប្រែប្រួលអាកាសធាតុជាដើម ។
តាមលក្ខណៈស្នាដៃ កែប្រែ មហាវិថី ព្រះមុនីវង្សនៅរាជធានីភ្នំពេញនេះដែរ លោកសង្ឃឹមជឿជាក់ថាបើមានក្រសួង ស្ថាប័ន ឬអង្គការយកគម្រោងនេះទៅអនុវត្ត ក្រុមលោកស្វាគមន៍ និងសង្ឃឹមថាអាចជួយផ្លាស់ប្តូរមុខមាត់ថ្មីក៏ដូចជា ផ្តល់មកវិញនូវផលប្រយោជន៍សេដ្ឋកិច្ចជាតិ ។
តំណាងក្រុមជ័យលាភីលេខ១ គម្រោង “ការរចនាដងផ្លូវព្រះនរោត្ដម”វិញ គឺលោក លោក តែ ម៉េឡូឌីស្ថាបត្យកររៀនបញ្ចប់នៅសាកលវិទ្យាល័យន័រតុនបានឱ្យដឹងថាក្រុមលោកបានបំផុសគំនិតចង់ឱ្យមានការកែប្រែវិថីមួយនេះដែលមានសព្វថ្ងៃដោយស៊កបញ្ចូលជាសួនមួយចំនួនតាមដងវិថីនេះដើម្បីប្រែក្លាយឱ្យមានទីតាំងលំហែលកម្សាន្តពោលគឺឱ្យសហគមន៍តំបន់នេះប្រែមុខមាត់ថ្មីស្រស់ស្អាតជាមុន ។
លោក បានប្រាប់ថា”ក្នុងការឌីហ្សាញនេះក្រុមខ្ញុំបានបង្កើតគម្រោង៣ធំៗគឺទីកន្លែងអង្គុយសំរាកក្នុងសួនភាគច្រើននៅទីតាំងជិតសាលារៀន និង មន្ទីរពេទ្យ, ទី២មានផ្លូវកន្លែងជិះកង់ និង ចំណតរថយន្តក្រុងជាដើម។នាពេលបច្ចុប្បន្នការប្រើប្រាស់ផ្លូវនេះមិនបានត្រូវទៅតាមសក្តានុពល ទាំងអស់ទេ ក្នុងនេះដូចជាករណីចតលើខឿនចិញ្ចឹមផ្លូវ ការយកទីតាំងសាធារណៈទៅជាកន្លែងអាជីវកម្ម ជាដើម ។
ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជាបានថ្លែងបញ្ជាក់ថាផ្លូវទាំងពីរគឺ មហាវិថីព្រះមុនីវង្ស និង មហាវិថីព្រះនរោត្តមជាផ្លូវប្រវត្តិសាស្រ្តផង និង ជាផ្លូវសក្តានុពលក្នុងរាជធានីភ្នំពេញ ។ ពិតណាស់ផ្លូវទាំងពីរនេះយើងគួរតែគិតគូ និង រៀបចំ។ជាផ្លូវប៉ូលសំខាន់សម្រាប់ការធ្វើដំណើរទាំងមន្រ្តីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថាបើតាមមន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថាស្នាដៃស្ថាបត្យកម្មដែលបានជាប់ជ័យលាភីនីមួយៗក្នុងការប្រកួតប្រជែងកន្លងមកនេះក៏ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធររាជធានីភ្នំពេញដើម្បីពិចារណា និងដៃគូផ្សេងទៀតអាចយកទៅសិក្សានាពេលខាងមុខ ៕
ដោយ ៖ ម៉ាដេប៉ូ
រូប ៖ ឆៃហួត