អ្នកវិទ្យាសាស្ត្រប៉េរូរកឃើញហ្វូស៊ីលសត្វក្រពើដ៏កម្រមានអាយុកាល ១២លានឆ្នាំ
លីម៉ា ៖ ក្រុមអ្នកបុរាណវិទូ ថ្មីៗនេះបានបង្ហាញហ្វូស៊ីលរបស់ពពួកសត្វក្រពើសមុទ្រដ៏កម្រ មានអាយុកាលពីចន្លោះ ១០ ទៅ ១២លានឆ្នាំ ដែលត្រូវបានរកឃើញនៅលើវាលខ្សាច់ប្រទេសប៉េរូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន France24។
ហ្វូស៊ីលពពួកសត្វក្រពើ Gharial មានប្រវែងចន្លោះពី ៣ទៅ៤ម៉ែត្រ ត្រូវបានគេរកឃើញកាលពីចុងឆ្នាំ ២០២៣ ក្នុងស្ថានភាពនៅស្អាតល្អនៅក្នុងវាលខ្សាច់ Ocucaje នៃប្រទេសប៉េរូ ស្ថិតនៅចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Lima។
លោក Mario Gamarra ដែលជាបុរាណវិទូនៅវិទ្យាស្ថានភូមិសាស្រ្តរដ្ឋាភិបាលប៉េរូ បាននិយាយថា ហ្វូស៊ីលនេះត្រូវគ្នានឹងពពួកសត្វក្រពើយក្ស Gharial មិនទាន់ពេញវ័យ ហើយពេលវាធំពេញវ័យ វាអាចមានបណ្តោយប្រវែងចន្លោះ ៨ទៅ៩ម៉ែត្រ។
លោក Gamarra បន្តថា ហ្វូស៊ីលនេះ ស្រដៀងគ្នាខ្លាំងនឹងហ្វូស៊ីលរបស់សត្វក្រពើ Piscogavialis ដែលរស់នៅតាមតំបន់ឆ្នេរប៉េរូ កាលពីជាង ១០ទៅ១២លានឆ្នាំមុន។
លោក Gamarra បន្ថែមថា ដូចអ្នកឃើញហើយថា គ្រោងឆ្អឹងមានលក្ខណៈច្រើនកំណាត់ និងលក្ខណៈពេញលេញ។ យើងនៅខ្វះដៃឆ្វេង និងកន្ទុយរបស់វាប៉ុណ្ណោះ។
ជាការពិតណាស់ថា រឿងដែលគួរចាប់អារម្មណ៍ជាងគេបំផុត គឺផ្នែកខាងក្រោយ ជើងឆ្វេង និងជើងស្តាំ ហើយលើសពីនេះទៅទៀត ពួកយើងមានឆ្អឹងជំនី និងដៃស្តាំ តែខ្វះផ្នែកខ្លះនៃជើងឆ្វេង និងកន្ទុយរបស់វា។
វាលខ្សាច់ Ocucaje របស់ប្រទេសប៉េរូ សម្បូរទៅដោយហ្វូស៊ីលសត្វសម័យបុរាណ មានដូចជាត្រីបាឡែនតឿមានជើងបួន ផ្សោត ឆ្លាម និងប្រភេទសត្វផ្សេងៗទៀត ក្នុងអំឡុងសម័យ Miocene ចន្លោះពី ៥ទៅ២៣លានឆ្នាំមុន៕