ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលជ័យលាភីនៃការប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្ដរជាតិឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងបានទទួលជ័យលាភីពីការប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្ដរជាតិឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមានការសហការរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ក្រុមទទួលបានជ័យលាភីនេះ នឹងត្រូវបន្តទៅចូលរួមប្រកួតថ្នាក់តំបន់ នៅក្នុងទីក្រុងហុងកុង ប្រទេសចិនដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែមីន ឆ្នាំ២០២៥។ សម្រាប់ក្រុមដែលទទួលចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ 

ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. បានសាទរចំពោះជ័យលាភីនៃការប្រកួតនេះ និងបាននែនាំក្រុមជ័យលាភីឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីត្រៀមប្រកួតសវនាការប្រឌិតថ្នាក់តំបន់នៅពេលខាងមុខ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់និស្សិតដែលពុំទទួលបានជ័យលាភីទាំងអស់ក្នុងកម្មវិធីប្រកួតនេះត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតផងដែរ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីសវនាការប្រឌិតលើកក្រោយទៀត។

ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិតច្បាប់កម្ពុជា ព្រោះកម្មវិធីប្រកួតនេះបានផ្ដល់ឱកាសដល់និស្សិតក្នុងការតស៊ូមិតផ្នែកច្បាប់ក្នុងបន្ទប់សវនាការជាក់ស្ដែង ការស្រាវជ្រាវបន្ថែមលើសំណុំរឿងប្រឌិតផ្អែកលើហេតុការណ៍ពិតដែលកើតឡើងនៅក្នុងពិភពលោកទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការការពារជនស៊ីវិលក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។

ឯកឧត្ដម ក្រាញ់ តូនី មានប្រសាសន៍ថា “ការប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌អន្តរជាតិនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការចែករំលែកបទពិសោធន៍នានាក្នុងបន្ទប់សវនាការ និងអនុញ្ញាតឱ្យ និស្សិត បានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីនីតិមនុស្សធម៌អន្តរជាតិ និងឧក្រិដ្ឋកម្មអន្តរជាតិតាមរយៈករណីសិក្សាដែលត្រូវបាននិម្មិតឡើង និងតាមរយៈយន្តការនៃការអនុវត្តច្បាប់   ស្រដៀងគ្នាផ្សេងទៀត។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាឱកាសមួយក្នុងការជម្រុញលើកទឹកចិត្តសិស្សនិស្សិតឱ្យមានការចូលរួមប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិ។”

តាមការបញ្ជាក់របស់ ឯកឧត្ដម ក្រាញ់ តូនី ការរៀបចំកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌អន្តរជាតិនេះ គឺជាការអនុវត្តទៅតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលអ.វ.ត.ក. បានចុះជាមួយ ICRC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ហើយ តាមរយៈអនុស្សរណៈនេះ អ.វ.ត.ក. នឹងទទួលបន្ទុករៀបចំកម្មវិធីនេះសម្រាប់ឆ្នាំបន្តបន្ទាប់ទៅមុខទៀត ដោយមានការជួយផ្នែកបច្ចេកទេសពីសំណាក់ ICRC។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយនៃការអនុវត្តកិច្ចការងារដែលនៅសេសសល់របស់ អ.វ.ត.ក. ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយនិងចែករំលែកចំណេះដឹង ដល់សិស្សនិស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ពីសមិទ្ធផលរបស់ខ្លួន។

សូមជម្រាបថា កម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិផ្នែកច្បាប់មនុស្សធម៌អន្តរជាតិឆ្នាំ២០២៤ នេះ គឺជាការរៀបចំលើកទី២របស់ អ.វ.ត.ក. និងមានការចូលរួមពីក្រុមនិស្សិតច្បាប់ចំនួន៨ក្រុមមកពីសាកលវិទ្យាល័យចំនួន៤ គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ដ្រ និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។ កម្មវិធីប្រកួតនេះបានប្រព្រឹត្តទៅចំនួនពីរថ្ងៃគឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner