ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ផ្ដល់អាហារូបករណ៍ ២០០កន្លែងដល់និស្សិតខេត្តកំពត
កំពត៖ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន បានផ្ដល់អាហារូបករណ៍ចំនួន២០០កន្លែងដល់និស្សិតខេត្តកំពត ។ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់ សិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តកំពតនៅបរិវេណពហុកីឡដ្ឋានខេត្តកាលព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ បានផ្តល់ដំបូន្មានតម្រង់ទិសដល់ចៅៗជាសិស្សានុសិស្សទាំងអស់ដែលត្រូវបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងក្នុងការក្រេបជញ្ជក់យកចំណេះដឹង ឱ្យបានខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ ធ្វើខ្លួនឱ្យបានល្អ ទាំងផ្លូវចិត្តនិងផ្លូវកាយ។
នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានផ្តល់ពានរង្វាន់ និងថវិកាមួយចំនួនដល់សិស្សានុសិស្ស ជ័យលាភីប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៤៤៤០នាក់ ។ក្នុងនោះជូនសិស្សនិទ្ទេស A ចំនួន ៧៩នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ហុងដា ប៊ឺត (Honda Beat ២០២៥) មួយគ្រឿង ពានរង្វាន់មួយគ្រឿង និងថវិកាបួនសែនរៀល។ សិស្សនិទ្ទេសB ចំនួន៤៦៩នាក់ ម្នាក់ៗ២០ម៉ឺនរៀល។ និទ្ទេសC ចំនួន១ ០៥៥នាក់ ម្នាក់ៗ១៥ ម៉ឺនរៀល។ និទ្ទេសD ចំនួន១ ៥៩៥នាក់ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងសិស្សនិទ្ទេសEចំនួន ១ ២៤២ នាក់ ម្នាក់ៗ ៥ ម៉ឺនរៀល ។ចំណែកលោកគ្រូ អ្នកគ្រូ ចំនួន៤៧០ នាក់ ម្នាក់ៗ១០ ម៉ឺនរៀ,ល គណៈគ្រប់គ្រងសាលាចំនួន៨៣នាក់ ម្នាក់ៗ ១០ម៉ឺនរៀល។ ជាពិសេសបានប្រកាសផ្ដល់ជូនអាហារូបករណ៍ដល់និស្សិតចំនួន ២០០ កន្លែងសម្រាប់សិស្សខេត្តកំពត។
លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តកំពត លទ្ធផលប្រឡងជាប់សរុបចំនួន៤ ៤៤០នាក់ ស្មើនឹងជាង៨៥ភាគរយ៕
ដោយ៖ សិលា សារិន