កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងបើកដំណើរការសាក​ល្បងនៅខែធ្នូនេះ

កំពត៖ ប្រតិភូអន្តរក្រសួង និងតំណាងដៃគូវិនិយោគបានបញ្ជាក់ថា  កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតស្ថិតនៅឃុំជុំក្រៀល ស្រុកទឹក​ឈូ ដែលបានស្ថាបនារួចរាល់ក្នុងអំឡុងឆ្នាំ២០២២ នឹងបើកដំណើរ​ការសាកល្បងរយ:ពេលបីខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៤​នេះទៅ។

ប្រតិភូអន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ក្រសួង​ទេសចរណ៍  ថ្នាក់ដឹកនាំខេត្តកំពត និងតំណាងដៃគូវិនិយោគ កាលពីចុងខែវិច្ឆិកា បានអញ្ជើញពិនិត្យ នៅទីតាំងកំពង់ផែទេសចរណ៍​អន្តរជាតិ ។សកម្មភាព​នេះដើម្បីវាយតម្លៃនិងត្រៀមលក្ខណៈបើកដំណើរ​សាកល្បង​រយៈពេលបីខែចាប់ផ្តើមពីខែធ្នូនេះទៅ។

ឯកឧត្តម ខូយ ដារ៉ា អគ្គនាយកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងជាប្រធានប្រតិភូអន្តរក្រសួងបានបញ្ជាក់ថា ការសម្រេច​បើកឱ្យ​ដំណើរការសាកល្បងបណ្តោះអាសន្នរយៈពេលបីខែនេះដោយផ្អែកតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋ​មន្ត្រី​អាណត្តិទី៦ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងសាធារណការ និង​ដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្នុង​ការ​ទទួលយកក្រុមហ៊ុន KITP DEVELOPMENT-CO,LTDជាដៃគូវិនិយោគសម្រាប់កំពង់ផែទេស​ចរណ៍អន្តរជាតិខេត្តកំពតនិង​ផ្អែកតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គ នាយកដ្ឋាន​ភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុន KITP DEVELOPMENT​​ CO.,LTD   ទើបគ្រប់ផ្នែកពាក់ព័ន្ធចុះមកពិនិត្យទីតាំង និងស្ថានភាព​ជាក់ស្តែងនៅពេលនេះ ។ស្របតាមសំណើរបស់ក្រុមហ៊ុន កំពង់ ផែទេសចរណ៍អន្តរជាតិខេត្តកំពត(KITP DEVELOPMENT-CO,LTD) ដែលទទួលសិទ្ធិលើការងារនេះ ដើម្បីចាប់ផ្តើមបើកដំណើរ ការសាក​ល្បង។

សូមរំលឹកថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតមានបណ្តោយ​ប្រវែង៣០០ម៉ែត្រ។សាងសង់លើផ្ទៃដី៤ហិកតា ស្ថិតក្នុងភូមិ​ជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ។កំពង់ផែនេះបានចាប់ផ្តើម​សាងសង់កាលពីថ្ងៃទី៨ ខែសីហាឆ្នាំ២០១៨ និង​រួច​រាល់នាចុងឆ្នាំ​២០២២ដោយប្រើប្រាស់ថវិកាជាង១១លានដុល្លារក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕
ដោយ៖ សិលា សារិន

ads banner