រដ្ឋមន្រ្តីធម្មការអញ្ជើញផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃខេ​​ត្តសៀមរាប

សៀមរាប៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង​សាសនានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជា​ចូលរួម​សំណេះ​សំណាល​និង​ផ្សព្វផ្សាយ​ខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហា​សន្និបាត​មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ប្រគេនដល់​ព្រះមន្ត្រីសង្ឃ ព្រះគ្រូ​ចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តសៀមរាប នៅវត្តរាជ​បូណ៌ ក្រុងសៀមរាប ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី, ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម តោ គឹម ស៊ាន សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្តមលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរង តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រះមេគណ ព្រះអនុគណខេត្តក្រុង ស្រុក ព្រះមន្ត្រីសង្ឃទាំងពីរគណៈ អាចារ្យគណៈកម្មការវត្ត គ្រប់វត្តនិងអាស្រម ចំនួន១ ៤៩៨អង្គនិងនាក់បាននិមន្ត និងចូលរួមក្នុងពិធីនេះដែរ ។

ក្នុងឱកាសនេះសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានព្រះថេរដីកាក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមាន​ស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏​ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និង​ត្រូវចូល​រួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយ​ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំបន្តពី​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាព​មួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ។

ក្នុងឱកាសសំណេះសំណាលនិងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២​នេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា សូមឯកភាពជាមួយនិងគណៈសង្ឃនាយក និងសូម​ថ្វាយ​បង្គំស្នើដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន ៖ ១៖ បព្វជ្ជា (ការបួស) ២៖ បរិយត្តិ (ការសិក្សា) ៣៖ បដិបត្តិ ( ការប្រតិបត្តិ) ៤៖ បដិវេធៈ​​(លទ្ធផល) ៥៖ បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ សម្រាប់វត្តអារាម របស់ក្រសួងធម្មការនិងសាសនាគឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យស័ក្តិសមជាខេត្តដែលកំពុងមានសក្តានុពល​ផ្នែកទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងសាសនា ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខនិងសិក្សាប្រព័ន្ទបច្ចេកវិទ្យាឌីជីថល ដើម្បីជាទុន​ក្នុងការផ្តល់នូវឱវាទដល់ព្រះជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់​បណ្តាញ​សង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា និងជៀសវាងការ​ចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner