ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ នៅស្រុកលើកដែក
(ខេត្តកណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សហការជាមួយមន្ទីរសុខាភិបាលខេត្ត កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅបរិវេណវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
ឯកឧត្តម គួច ចំរើន បានលើកឡើងថា៖ វេទិកានាឱកាសនេះបង្កលក្ខណៈឱ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ រួមទាំងសប្បុរសជនផង បានមកជួបជុំជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ និងកំពុងប្រឈមនឹងជីវភាពខ្វះខាតខ្លាំង ។
ឯកឧត្ដម បន្តថា ៖ ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅ បញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។
ដើម្បីសម្រេចបាននូវការបញ្ចប់អេដស៍ ដែលកំពុងបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ឱ្យបានសកម្មជាទីបំផុត ៕
ដោយ ៖ ង៉ាន់ ទិត្យ