អភិបាលរងខេត្តសៀមរាប ៖ កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោក ប្រយុទ្ធនឹងជំងឺអេដស៍ដោយជោគជ័យ
សៀមរាប ៖ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភពលោក ទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។
លោក នាក់ ណេរ៉ុន បានមានប្រសាសន៍បែបនេះ នាឱកាសចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រព្រឹត្តនៅសួនច្បារទល់មុខមហាសណ្ឋាគា រ៉ាហ្វែល អង្គរ កាលពីថ្ងៃទី០១ ខែធ្នូ។ លោកអភិបាលរងបន្ថែមថា ភាពជោគជ័យទាំងនេះ ដោយសារមានការរួមដៃគ្នាយ៉ាងសកម្មដោយរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ទើបទទួលបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងវេទិកាអន្តរជាតិ ដោយឈរនៅលំដាប់កំពូលនៅលើពិភពលោក ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ គឺលេខ១១ លើ១៩៦ទូទាំងពិភពលោក។
លោក នាក់ ណេរ៉ុន បន្តថា ការរើសអើង និងការមាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខនៅតែមានបន្ត ដែលជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍បានចំគោលដៅ ជាហេតុបញ្ជាក់ច្បាស់លាស់ថា ការប្រយុទ្ធនឹងមេរោគអេដស៍ មេរោគអេដស៍មិនទាន់ដល់ទីបញ្ចប់ទេ។ លោកអភិបាលរងខេត្តសូមថ្លែងនូវអំណរគុណដល់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានរៀបចំ “ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាខេត្តសៀមរាបនេះ និងអគុណផងដែរដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កំពុងតែជួយគាំទ្ររាជរដ្ឋាភិបាលនៅ ទីតាំងផ្តល់ឳសថប្រឆាំងមេរោគអេដស៍ខេត្តសៀមរាប និងសូទ្រនិគម និងការងារផ្សេងៗទៀត។
លោកវេជ្ជបណ្ឌឹត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ មានសកម្មភាពជាច្រើន ដូចជា
ការប្រកួតគូរគំនូរ ការដើរដង្ហែរក្បួន និងការជូនអំណោយអាហារសុខភាពរបស់កសិដ្ឋានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ និងកម្មវិធីជួបជុំនៅទីកំសាន្តផាប់ស្ទ្រីត ខេត្តសៀមរាប។
គួរបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ មានការចូលរួមពីលោក ស្រេង ហេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Terri Ford, នាយកផ្នែកតស៊ូមតិ និងគោលនយោបាយ និងជាតំណាងប្រមុខដឹកនាំជាន់ខ្ពស់របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍សកល លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគព្រមទាំងសមាជិកសមាជិកាមកពី តំណាងស្ថាបន័រដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលជាតិ អាជ្ញាធរមូលដ្ឋាន ក្រុមក្មេងស្រី និងសិស្សានុសិស្ស សហគមន៍ អ៊ីមផុស និងអ្នករស់នៅជាមួយមេរោគអេដស៏ប្រមាណជាង៣០០នាក់៕ អត្ថបទ ៖ ឈឹម ទីណា