ចិនបញ្ចេញត្រាក់ទ័រគ្មានមនុស្សបើកដំបូងគេលើលោក

ប៉េកាំង ៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានដាក់បង្ហាញត្រាក់ទ័រគ្មានមនុស្សបើកដំបូងគេលើពិភពលោក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកសិកម្មអន្តរជាតិចិនលើកទី២១ នៅទីក្រុង Guangzhou ខេត្ត Guangdong ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Bastille post។

ព្រឹត្តិការណ៍ពិព័រណ៍នេះ មានអ្នកចូលរួមតាំងពិព័រណ៌ប្រហែល ៣,០០០នាក់ ដោយបានដាក់តាំងបង្ហាញនូវប្រព័ន្ធ និង ឧបករណ៍កសិកម្មឆ្លាតវៃជាច្រើនប្រភេទ ដែលឧបករណ៍មួយចំនួនបានវាយលុកចូលទីផ្សារអន្តរជាតិរួចហើយ។

អ្វីដែលលេចធ្លោបំផុតនោះ គឺត្រាក់ទ័រគ្មានមនុស្សបើកបានក្លាយជាយានជំនិះប្រកបដោយភាពច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមឧបករណ៍ដាក់តាំងពិព័រណ៍ប្រមាណជាង ២០,០០០ប្រភេទ ក៏ដូចជាទាក់ទាញអ្នកទស្សនា និង អ្នកទិញប្រហែល ៥០,០០០នាក់។

ក្រុមអ្នកជំនាញនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានពន្យល់ថា ត្រាក់ទ័រគ្មានមនុស្សបើកនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ, ការបញ្ចៀសឧបសគ្គ និង សមត្ថភាពធ្វើផែនការផ្លូវដោយស្វ័យប្រវត្តិ។

ប្រតិបត្តិករអាចគ្រប់គ្រងវាបានតាមរយៈកម្មវិធីទូរស័ព្ទ ឬ ថេប្លេត។
ត្រាក់ទ័រគ្មានមនុស្សបើកនេះ មានកម្ពស់ ៣ម៉ែត្រ និងទម្ងន់ ៦តោន ត្រូវបានបង្កើតឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន ហៅកាត់ (CAS)។

ក្រុមអ្នកជំនាញបាននិយាយថា ត្រាក់ទ័រនេះអាចដាំដុះបានប្រហែលពីរហិកតាក្នុងមួយម៉ោង ពោលគឺវាអាចដាំដុះនៅលើផ្ទៃដីទំហំ ២០ហិកតាក្នុងមួយថ្ងៃ ប្រសិនបើដំណើរការរយៈពេល១០ម៉ោង។

គួរកត់សម្គាល់ថា ក្រុមអ្នកជំនាញចិននារយៈពេលប៉ុន្មានចុងក្រោយឆ្នាំនេះ ត្រូវបានគេមើលឃើញថា បានព្យាយាមបង្កើតនូវភាពច្នៃប្រឌិតជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្មពីបុរាណទៅជាកសិកម្មទំនើប។ ជាក់ស្តែង ផលិតផល និង ដំណោះស្រាយក្នុងវិស័យកសិកម្មរបស់ចិន ត្រូវបានអនុវត្តនៅក្នុងប្រទេស និងតំបន់ជាង៧០ទូទាំងពិភពលោក៕

ប្រភព ៖ Bastille post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner