កម្ពុជា អបអរសាទរខួបលើកទី ៩ ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ
(ភ្នំពេញ)៖ កម្ពុជាបានអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ របស់អង្គការយូណេស្កូ ។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
នៅលើផេកហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹត្តសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីតាមបណ្តាក្រសួង និងថ្នាក់ដឹកនាំស្ថាប័ននានា ត្រូវគេឃើញបានបង្ហោះឡើងថ្លែងអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅជាហូរហែរ ។
«ល្បែងទាញព្រ័ត្រ» របស់កម្ពុជា បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក នៃប្រទេសណាមីប៊ី។
សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេរអបអរសាទរ បានថ្លែងថា «កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត » ។
ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងកម្សាន្ត ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមដៃគូរប្រកួតជាលក្ខណៈកម្សាន្តសប្បាយ ។ មួយវិញទៀត ការល្បែងទាញព្រ័ត្រនេះ ក៏ត្រូវបានចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយរឹងមាំ និងមានសុខភាពល្អផងដែរ ។
ល្បែងទាញព្រ័ត្រ ជាល្បែងដែលបានផ្សារភ្ជាប់ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ដែលបង្ហាញជាភស្តុតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រជាច្រើន តាមរយៈចម្លាក់បុរាណនៅលើប្រាង្គប្រាសាទនានា ដែលភាគច្រើនតែងឃើញមាននៅលើផ្តែរ និងនៅតាមច្រកចូលប្រាសាទបុរាណផ្សេងៗទៀតក៏មាន ។ ចម្លាក់ទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវពុំហៅថា «ទាញព្រ័ត្រ» ដូចមនុស្សម្នាទូទៅឡើយ គឺគេហៅថា “កូរសមុទ្រទឹកដោះ” ដោយយោងទៅតាមទេវកថានៅប្រទេសឥណ្ឌានានា ដូចជាក្នុងគម្ពីរមហាភារត ។
នៅអង្គរវត្តរឿងទាញព្រ័ត្រនេះ ត្រូវគេគេឃើញបុព្វបុរសខ្មែរបានឆ្លាក់នៅលើផ្ទាំងជញ្ជាំងយ៉ាងវែងពេញមួយចំហៀងរោងទងខាងកើតតែម្តង ដែលទាំងនេះ គឺបង្ហាញពីវប្បធម៌ អរិយធម៌ដ៏យូលង់នៃប្រតិ្តសាស្រ្តប្រទេសកម្ពុជា ៕






អត្ថបទ ៖ គង់ សុផុល