រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ជួបប្រជុំរួមលើកទី៣

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើជាសហប្រធាន ជាមួយលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ដឹកនាំកិច្ចប្រជុំរួម រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partners on HIV and AIDS in Cambodia) លើកទី៣ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២ ធ្នូ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធាន ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ ក្នុងទិសដៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែង ដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥ ។
 
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាព ជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ និងដើម្បីចូលរួម ធ្វើឱ្យសម្រេចគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំដល់មូលនិធិសកល (អាម៉េរិក បារាំង និងអូស្រ្តាលី) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេស ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ ព្រមទាំងតំណាងប្រជាជនគន្លឹះ។
 
នៅក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ យើងកំពុងស្ថិតក្នុងពេលផ្ទេរដំណាក់កាល ពីការអនុវត្តកម្មវិធីរបស់អ្នកផ្តល់ជំនួយ ទៅជាកម្មវិធី របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើថា ក្នុងរយៈពេលអន្តរកាលនេះ បើម្ចាស់ជំនួយ ទទួលជួយអង្គការក្រៅរដ្ឋាភិបាល សូមជួយពង្រឹងស្ថាប័ន ដើម្បីឱ្យអង្គការទាំងនោះ ដឹងពីការងារដែលត្រូវធ្វើ ។ បន្ទាប់មក រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាព ដើម្បីត្រៀមខ្លួនទទួលបន្ត ។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ លោកស្រី នាយិកាអង្គការ UNAIDS ជាសហប្រធាន តំណាង ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ តំណាងអ្នកផ្ទុកមេរោគអេដស៍ ដែលបានចូលរួម ក្នុងកិច្ចប្រជុំ ជាពិសេស អរគុណសហរដ្ឋអាម៉េរិក បារាំង និងអូស្រ្តាលី ដែលជាប្រទេសម្ចាស់ជំនួយធំ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner