ក្រុមហ៊ុន Meta ចាយ ១០ ពាន់លានដុល្លារ សង់ខ្សែកាបក្រោមទឹកព័ទ្ធជុំវិញពិភពលោក
បរទេស៖ ក្រុមហ៊ុន Meta គ្រោងនឹងចាយលុយប្រមាណ ១០ ពាន់លានដុល្លារ សាងសង់ខ្សែកាបអុបទិកក្រោមទឹក ព័ទ្ធជុំវិញពិភពលោកក្នុងចម្ងាយជាង ៤ ពាន់គីឡូម៉ែត្រ ហើយក្រុមហ៊ុននឹងកាន់កាប់គម្រោងមួយនេះ ផ្ដាច់មុខ ១០០ ភាគរយតែម្ដង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider កាលពីចុងសប្ដាហ៍កន្លងទៅ ។
ខ្សែកាបក្រោមទឹករបស់ Meta នឹងតភ្ជាប់ឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់សហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី ។ ផែនការនេះនឹងមិនដាក់ពង្រាយនៅក្នុងតំបន់ធ្លាប់កើតមានករណីកាត់ខ្សែកាប និងតំបន់មានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដូចជា នៅសមុទ្រក្រហមនោះទេ ។
លោក Sunil Tagare សហគ្រិននៅក្នុងឧស្សាហកម្មខ្សែកាបក្រោមសមុទ្រ បានលើកឡើងថា គម្រោងសាងសង់ខ្សែកាប គឺស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ។ ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងមានតម្លៃ ២ ពាន់លានដុល្លារ ហើយនឹងកើនឡើងដល់ជាង ១០ ពាន់លានដុល្លារ ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ ។
ចំណែកបើតាមគេហទំព័រ TechCrunch បានរាយការណ៍ទៀតថា ជាជំហានដំបូង ក្រុមហ៊ុន Meta ត្រូវបង្កើតការិយាល័យគ្រប់គ្រងគម្រោងសាងសង់ខ្សែកាបក្រោមទឹកនៅអាហ្វ្រិកខាងត្បូង ហើយអាចនឹងបញ្ចប់គម្រោងនៅឥណ្ឌា ដោយសារតែការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅឥណ្ឌា មានតម្លៃថោកជាងសហរដ្ឋអាមេរិក ។
ក្រុមហ៊ុន Meta មានខ្សែកាបអុបទិកក្រោមទឹក សម្រាប់បញ្ជូនសញ្ញាទូរគមនាគមន៍ ជាច្រើន រួមទាំង 2Africa ដែលជាខ្សែកាបលាតសន្ធឹងឆ្លងកាត់ឆ្នេរសមុទ្ររបស់ទ្វីបអាហ្រ្វិក ។ បើតាមអ្នកវិភាគទូរគមនាគមន៍ Teleography បង្ហាញថា Google គឺជាក្រុមហ៊ុនតែមួយគត់ មានខ្សែក្រោមទឹកច្រើនជាងគេ ពោលមានដល់ទៅចំនួន ១៧ ខ្សែ ៕
ប្រភពពី Business Insider ប្រែសម្រួល៖ សារ៉ាត