ស្លាប់ ៥០នាក់ អំឡុងរត់ជាន់គ្នាពេលប្រកួតបាល់ទាត់ហ្គីណេ

បរទេស ៖ អំឡុងការរត់ជាន់គ្នា ក្នុងពេលប្រកួតបាល់ទាត់នៅប្រទេសហ្គីណេ នៃទ្វីបអាហ្វ្រិក បណ្តាលឲ្យស្លាប់មនុស្ស ៥៦នាក់ នេះបើតាមមន្ត្រីរដ្ឋាភិបាលយោធា និយាយ កាលពីថ្ងៃចន្ទ។

ការប្រកួតនេះត្រូវបានរៀបចំឡើង កាលពីថ្ងៃអាទិត្យ នៅទីក្រុង N’Zerekore។ សាក្សីបានអះអាងថា អ្នកគាំទ្របានលុកលុយចូលទៅក្នុងទីលាន បន្ទាប់ពីមានការផ្តល់កាតក្រហមចំនួនពីរ ជាមួយនឹងការពិន័យយឺតយ៉ាវ។ ព្រឹត្តិការណ៍ហិង្សានេះត្រូវបានគេរាយការណ៍ដំបូងថា ជាការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ។ សាក្សីម្នាក់បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមមន្ត្រីដែលមើលការប្រកួត រួមទាំង រដ្ឋមន្ត្រីពីរនាក់ត្រូវបានរារាំងមិនឱ្យចាកចេញ ដោយជំរុញឱ្យមានការគប់ដុំថ្ម និងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ពីសំណាក់កងកម្លាំងសន្តិសុខ។

ប្រភពបន្តថា «ការភ័យស្លន់ស្លោបានកើតឡើងមានឡើង យ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការរត់ជាន់គ្នា មិនអាចគ្រប់គ្រងបាន»។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់មួយ ដែលរៀបចំឡើងផ្តល់ជាកិត្តិយសដល់មេដឹកនាំរបបសឹក គឺលោក Doumbouya ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ហើយបានតែងតាំងខ្លួនឯង ជាប្រធានាធិបតី។

ក្រុមប្រឆាំងបានចោទប្រកាន់ អាជ្ញាធរដឹកនាំដោយយោធារបស់ ឧត្តមសេនីយ៍ Mamadi Doumbouya ជាអ្នក «ទទួលខុសត្រូវផ្ទាល់» សម្រាប់សោកនាដកម្មនេះ។ គណបក្សប្រឆាំងបានចោទប្រកាន់របបយោធាថា បានប្រើប្រាស់កីឡា ដើម្បីបញ្ចប់វិបត្តិនយោបាយ។

ប្រទេស ហ្គីណេ បានសម្រេចកាន់ទុក្ខ ជាផ្លូវការ ចំនួនបីថ្ងៃ ចាប់ពីថ្ងៃអង្គារនេះ ដោយទង់ជាតិ ក៏ត្រូវបង្ហូតពាក់កណ្តាលដង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner