អាល្លឺម៉ង់ចាយ២៩ពាន់លានដុល្លារ ជួយគាំទ្រអ៊ុយក្រែន
បរទេស ៖ មេដឹកនាំប្រទេសអាល្លឺម៉ង់បានអះអាងថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រយៈពេលជិត៣ឆ្នាំមកនេះ ប្រទេសអាល្លឺម៉ង់បានបញ្ចេញប្រាក់ជាង២៩ពាន់លានដុល្លារអាមេរិកហើយ ជួយគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយបែបនេះ ក្នុងពេលបំពេញទស្សនកិច្ចភ្ញាក់ផ្អើល ទៅក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ។
លោកបានបញ្ជាក់ថា ជំនួយផ្នែកយោធាដែលមានតម្លៃ ៦៨០លានដុល្លារអាមេរិក នឹងផ្តល់ឱ្យបន្ថែមទៀត នៅចុងឆ្នាំនេះ។ លោក Scholz បាននិយាយថា សរុបទាំងអស់ អាល្លឺម៉ង់បានចំណាយប្រាក់ ២៨ពាន់លានអឺរ៉ូ ឬ ស្មើនឹងជាង២៩ពាន់លានដុល្លារអាមេរិក លើការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីឆ្នាំ ២០២២ រួមទាំង ប្រព័ន្ធការពារដែនអាកាស, រថក្រោះ Howitzers, ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវ និងគ្រឿងបន្លាស់ផ្សេងៗ។
នៅក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Scholz បានអះអាងបន្ថែមថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ «សន្តិភាព យុត្តិធម៌ និងយូរអង្វែង» គ្មានការសម្រេចចិត្តណាមួយ ដែលត្រូវធ្វើឡើង «ដោយគ្មានអ៊ុយក្រែន» នោះទេ។
លោក Scholz អះអាងថា «ក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ យើងនឹងមិនបោះបង់ចោល ក្នុងការប្រមូលការគាំទ្រ ដែលចាំបាច់ នោះឡើយ»។ លោក Scholz ថែមទាំងថ្កោលទោសការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងប្រទេសអ៊ុយក្រែន ថ្មីៗនេះ ទៀតផង ខណៈដែលសង្គ្រាមនេះ ឈានចូលដល់រដូវរងារ លើកទី៣។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកនៅតែនិយាយជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz អំពីលទ្ធភាពនៃការបញ្ជូនមីស៊ីល Taurus រយៈចម្ងាយឆ្ងាយ ទៅកាន់អ៊ុយក្រែន ដើម្បីបាញ់លើទឹកដីរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត