ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនពលរដ្ឋ ២៤គ្រួសារ ដែល ត្រូវរុះរើផ្ទះ បន្ទាប់ពីរងគ្រោះដោយការបាក់ស្រុតច្រាំងព្រែក នៅស្រុកកងមាស
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ២៤គ្រួសារ ដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងព្រែក នៅភូមិអន្លង់គគីរ ភូមិព្រែកកុយ និងភូមិមេសរ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោក តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិន ប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយ លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល វេលាចំពោះមហន្តរាយធម្មជាតិ មិនថា ពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬ បាក់ច្រាំង ក៏ដោយ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់ រាងកាយ និងអាយុជីវិត ។ ជាមួយនោះ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល រៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ទន្ទឹមនេះ ត្រូវពិសារទឹកស្អាត សម្រាកឱ្យបាន គ្រប់គ្រាន់ និងត្រូវហាត់ប្រាណប្រចាំថ្ងៃផងដែរ ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋទាំង ២៤គ្រួសារ ក្នុង ១គ្រួសារ ទទួល បាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត ១សម្រាប់ (មុង ភួយ សារុង ក្រមា) និង ថវិកា ១០ម៉ឺនរៀល ។ ប្រគេនព្រះចៅអធិការវត្តស្តីអណ្តែត នូវអង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកសុទ្ធ ២កេស និងបច្ច័យ ២០ម៉ឺនរៀល ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ក៏បានអញ្ជើញចុះពិនិត្យស្ថានភាព សាលាឆាន់ ១ខ្នង ក្នុងវត្តដំបងដែក ហៅ វត្តគងជ័យ ឃុំព្រែកកុយ ដែលត្រូវអគ្គីភ័យបំផ្លាញ ទាំងស្រុង កាលពីយប់រំលងអធ្រាត ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានវេរទេយ្យទាន ប្រគេន ព្រះចៅអធិការវត្ត រួមមាន អង្ករ ១០០គក្រ, មី ៤កេស ត្រីខ ៤យួរ ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ៥លានរៀល ផងដែរ ៕
ដោយ ៖ លី ពៅ