អភិបាលរងខេត្តស្ទឹងត្រែង៖ ជំងឺមិនឆ្លង គឺជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ
ស្ទឹងត្រែង៖លោក ប៉ែន លីណាត អភិបាលរងខេត្តបានលើកឡើងថា ជំងឺមិនឆ្លងជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់តាមរយៈក្រសួងសុខាភិបាលក្នុងការអន្ដរាគមន៍ បង្ការ កាត់បន្ថយ និងទប់ស្កាត់សំដៅលើកកម្ពស់សុខភាពប្រជាជន ។
ថ្លែងក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិបាលរងខេត្តបានបន្តថា ការបរិភោគប្រចាំថ្ងៃ ក្នុងនោះដូចជា ប្រៃខ្លាំង ផ្អែមខ្លាំង ការប្រើប្រាស់ជាតិខ្លាញ់ច្រើន និងការពិសាគ្រឿងស្រវឹងច្រើន អាចបង្កឱ្យមានបញ្ហាសុខភាព និងអាចកើតជំងឺមិនឆ្លង។មានជំងឺធ្វើឱ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិផងដែរ ។
ដើម្បីបង្ការជំងឺមិនឆ្លងលោកអភិបាលរងជំរុញអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ ដូចជាចុះអប់រំណែនាំ ឬដាក់ស្លាកក្រើនរំលឹកនៅតាមមូលដ្ឋានជាដើម ៕
ដោយ៖ ដេង ម៉ាវិន



