អភិបាលខេត្តកែប ៖ ស្មារតី ២ធ្នូ នៅតែស្ថិតក្នុងដួងចិត្តពលរដ្ឋគ្រប់រូប,សន្តិភាពត្រូវតែការពារឱ្យបានដាច់ខាត
កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ថា ពលរដ្ឋកម្ពុជា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ចនូវទិវាកំណើតរណសិរ្ស ២ ធ្នូ ក៏ដូចជាទិវា ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។ជាមួយគ្នានេះយើងនឹងរួមគ្នាថែរក្សា និង ពង្រីករាល់សមិទ្ធផលសង្គមជាតិដែលកើតចេញពី ទិវាជាប្រវត្តសាស្ត្រទាំងពីរនេះឱ្យបានស្ថិតស្ថេ គង់វង្ស និងអភិវឌ្ឍន៍តាមរយៈការការពារឱ្យបានដាច់ខាតនូវសន្តិភាព។
ឯកឧត្តមបណ្ឌិតលើកឡើងបែបនេះពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅសាលប្រជុំសេះស សាលាខេត្តកែបកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងសុន្ទរកថារបស់សម្តេចសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា យើងទាំងអស់គ្នាសូមប្រកាសជាឱឡារឹកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុត ពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេប៉ុន្តែរណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕
ដោយ៖ សិលា សារិន




