អភិបាលខេត្ត៖ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
បន្ទាយមានជ័យ៖ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។នេះជាបញ្ជាក់របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ឱកាសមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦គឺ២ធ្នូ ១៩៧៨-២ធ្នូ ២០២៤ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នៅសាលប្រជុំគណបក្យប្រជាជនខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុ រាត្រី បានបន្តទៀតថា បើទោះបីជាកម្ពុជាបានទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ក៏កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ ត្រូវប៉ាន់ស្មានថានឹងមានកំណើនក្នុង អត្រា៦ភាគរយ ហើយនឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ៦,៣ភាគរយនៅឆ្នាំ២០២៥ ដោយសារការរំពឹងទុកលើការបន្តងើបឡើងវិញនៃតម្រូវការខាងក្រៅ ។ជាពិសេសលើសកម្មភាពទេសចរណ៍ ។
ឯកឧត្តមអភិបាលខេត្តបានរំលេចពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលនីតិកាលមុនៗដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្រេចបាន និងកំពុងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។ឯកឧត្តមបញ្ជាក់ថា អ្វីៗដែលកើតឡើងក្នុងពេលនេះ និងបន្តទៅមុនទៀត គឺមានប្រភពមកពីថ្ងៃទី២ធ្នូ និងជ័យជម្នះ៧មករា ១៩៧៩។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងឱ្យអង្គមីទ្ទិញបានបញ្ជាក់ថា យើងខ្ញុំ និងកូនចៅជំនាន់ក្រោយយល់ច្បាស់ថា បើគ្មានថ្ងៃ២ធ្នូ និងថ្ងៃជ័យជម្នះ៧មករាទេ យើងគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ ។យើងចងចាំជានិច្ចដល់អ្នកមានគុណដែល បានសង្គ្រោះជីវិតយើង ដូចសុភាសិតថា ” បានហូបទឹក មិនត្រូវភ្លេចប្រភពទឹក” ៕
ដោយ៖ គៀន ច័ន្ទហ៊ីន