សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

(ចិន)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តម Wang Huning បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម Wang Huning ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេច ពិតជារីករាយដែលបានជួបឯកឧត្តមសាជាថ្មីម្ដងទៀត។ សម្ដេចតេជោ បន្តថា ទស្សនកិច្ចនេះ បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់សម្ដេចកាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើសពីភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប និងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់សាជាថ្មី នូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជាហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រ ដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអបអរសាទរ ដល់ខួបទី៧៥ឆ្នាំ នៃការបង្កើតសភាប្រឹក្សានយោបាយ ប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផល ដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។ សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម Wang Huning បានកោតសរសើរសម្តេចតេជោដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុបដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន ។

ឯកឧត្តម លើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ ឯកឧត្តម បានកោតសរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយ បញ្ជាក់ថា ចិន បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ ។

ឯកឧត្តម បានសន្យាថាប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។

ឯកឧត្តម Wang Huning ក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តម Wang Huning មកបំពេញទស្សនកិច្ចនៅកម្ពុជាសាជាថ្មី ដើម្បីឯកឧត្តមអាចឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់ ឯកឧត្តមកាលពីឆ្នាំ២០១៦ និង ជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត ។

ឯកឧត្តម Wang Huning ក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យមើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខ។ ឯកឧត្តម ក៏បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវភាពជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner