ជំងឺគ្រុនឈាមឆក់យកជីវិតមនុស្សជិត ៥០០នាក់នៅបង់ក្លាដែស

ដាកា ៖ ខែវិច្ឆិកា ត្រូវបានចាត់ទុកថា ជាខែផ្ទុះជម្ងឺគ្រុនឈាមដ៏សាហាវបំផុតសម្រាប់ប្រទេសបង់ក្លាដែស ដោយមានករណីឆ្លងរហូតជិត ៣០,០០០ករណី និង ១៧៣នាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបស្ទុះឡើងជិត ៥០០នាក់។

យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានសេវាសុខភាពបង់ក្លាដែស (DGHS) បានបង្ហាញថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ២៩,៦៥២ករណី ត្រូវបានរាយការណ៍នៅក្នុងខែវិច្ឆិកាតែមួយប៉ុណ្ណោះ។

បន្ទាប់ពីបានរាយការណ៍ពីករណីឆ្លងជំងឺគ្រុនឈាមបន្ថែមចំនួន ៨៨២ករណីក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នាំឲ្យតួលេខអ្នកឆ្លងជំងឺគ្រុនឈាមទូទាំងប្រទេស បានកើនដល់ ៩២,៣៥១ករណីហើយ គិតមកដល់ពេលនេះ ពោលគឺចាប់តាំងពីខែមករាដើមឆ្នាំមក។

ប្រទេសបង់ក្លាដែសបានកត់ត្រាករណីស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ១,៧០៥នាក់ក្នុងឆ្នាំ ២០២៣ ដែលនេះជាចំនួនអ្នកស្លាប់ប្រចាំឆ្នាំដ៏ខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងឆ្នាំ ២០២២ មានត្រឹមតែ ២៨១នាក់ និង ១៧៩នាក់នៅឆ្នាំ ២០១៩។

ជំងឺគ្រុនឈាម ត្រូវបានគេដឹងទូទៅថា គឺជាជំងឺឆ្លងតាមរយៈមូសខ្លាខាំ។ ជំងឺនេះបណ្តាលឱ្យមានជំងឺស្រួចស្រាវ ដែលមានរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួនខ្លាំង អស់កម្លាំង ឈឺសាច់ដុំ និងសន្លាក់ធ្ងន់ធ្ងរ ក្អួត និងចេញកន្ទួលជាដើម។

ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លងជំងឺគ្រុនឈាម អាជ្ញាធរសុខាភិបាលបង់ក្លាដែសបានពង្រឹងវិធានការត្រួតពិនិត្យ និងលុបបំបាត់ជម្រកមូសខ្លា៕

ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner