អគ្គលេខាធិការសហព័ន្ធថ្មី ចាត់ទុកជោគជ័យជើងឯកថ្នាក់ជាតិ ជាផលវិជ្ជមានល្អឆ្ពោះទៅការប្រកួតអន្តរជាតិ និងស៊ីហ្គេម លើកទី៣៣ នៅថៃ
(ភ្នំពេញ)៖ ការប្រកួតកីឡាជិះសេះលើវិញ្ញាសាលោតផ្លោះរបារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅទីលាន Genius Resort រាជធានីភ្នំពេញ បានបញ្ចប់ដោយភាពជោគជ័យ ជាមួយនឹងលទ្ធផលល្អប្រសើររបស់កីឡាករ កីឡាការិនីចូលរួម។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពព្រះអង្គម្ចាស់ នរោត្តម ណានដាទេវី ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាង Genius Resort កាលពីចុងសប្តាហ៍កន្លងទៅ។
លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានប្រាប់ឲ្យដឹងថា សម្រាបការប្រកួតកីឡាជិះសេះ លើវិញ្ញាសាលោតផ្លោះរបារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញនៅឆ្នាំនេះ គឺកីឡាករ កីឡាការិនីជិះសេះធ្វើពិតជាធ្វើបានល្អខ្លាំងណាស់ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុនៗ ដោយធ្វើបានត្រឹមកម្ពស់ ១ម៉ែត្រ ហើយនៅឆ្នាំ២០២៤នេះ ពួកគាត់ធ្វើសម្រេចបានរហូតដល់ ១,២០ម៉ែត្រ។
ជាមួយនឹងសមិទ្ធផលថ្មីនេះដែរ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ អគ្គលេខាធិការសហព័ន្ធរូបនេះ ដាក់ក្តីសង្ឃឹមខ្ពស់ថា ជម្រើសជាតិជិះសេះកម្ពុជា និងត្រូវចូលរួមប្រកួតអន្តរជាតិនៅប្រទេសថៃ ឆាប់ៗខាងមុខនេះ និងទទួលបានលទ្ធផលជូនជាតិ ជាពិសេសគោលដៅចម្បង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ ដោយក្រុមជម្រើសជាតិ ជិះសេះកម្ពុជានឹងដណ្តើមបានលទ្ធផលល្អសម្រាប់ប្រទេសជាតិផងដែរ។
លោកស្រី ស៊ាង ស្រីពៅ ក៏បានអរគុណ Genius Resort ដែលបានសហការផ្តល់ទីលានស្តង់ដា ជូនសហព័ន្ធ ក្នុងការអភិវឌ្ឍកីឡាជិះសេះរូមគ្នា សម្រាប់បម្រើដល់ការហ្វឹកហាត់ និងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាង ឯកឧត្តម ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរៀបចំរបស់សហព័ន្ធ និងកីឡាករ កីឡាការិនីចូលរួមប្រកួតទាំងអស់ ដែលបានបញ្ចេញអស់ពីសមត្ថភាព ក្នុងការប្រកួតថ្នាក់ជាតិនេះ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតអន្តរជាតិនានា នៅពេលខាងមុខនេះផងដែរ។
សូមជម្រាបថា អ្នកអង្គម្ចាស់ នរោត្តម អម្រិតា កីឡាការិនី ជម្រើសជាតិកីឡាជិះសេះកម្ពុជា ដែលជាម្ចាស់មេដាយប្រាក់ លើវិញ្ញាសាជិះសេះផ្លោះរបារ ១,២០ម៉ែត្រ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលធ្វើបានល្អ ក្នុងការប្រកួតថ្នាក់ជាតិឆ្នាំ២០២៤នេះ ខណៈសេះធ្វើក៏បានល្អដូចគ្នាផងដែរ។ កីឡាការិនីរូបនេះដ៏បានបន្ថែមឲ្យដឺងថា ចំពោះទីលានថ្មីនេះក៏មានលក្ខណៈល្អប្រសើរច្រើនដែរ និងមានកម្រិតអន្តរជាតិ ដែលធ្វើឲ្យសេះលោតផ្លោះរបារ បានដោយយ៉ាងល្អរលូនផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជិះសេះផ្លោះរបារជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤នេះ ក្នុងនោះ មានកីឡាករ កីឡាការនី ចូមរួមសរុប១៩នាក់ ស្រី៦នាក់ និងប្រកួតចែកជា វិញ្ញាសា លោតកខ្ពស់ ៨០សងទីម៉ែត្រ ៩០សងទីម៉ែត្រ ១០០សងទីម៉ែត្រ និង១២០ សងទីម៉ែត្រ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និងលោក ងីម ឆៃហួត